ភ្នំពេញ៖ឯកឧត្តម សុខ ឥសាន្ត អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានថ្លែងថា លោក ជុន ច័ន្ទបុត្រ អនុប្រធានវិទ្យុអាសុីសេរី បានបំបែកព័ត៍មានសម្ងាត់ពាក់ព័ន្ធនឹងគោលការណ៍របស់ សហរដ្ឋអាមេរិកលេីការផ្សាយ និង អត្តចរិតរបស់អតីតបក្សប្រឆាំងដែលត្រូវបានរំលាយដោយតុលាការកំពូល។
ឯកឧត្តមសុខ ឥសាន្ត បានលើកឡើងនៅព្រឹកថ្ងៃទី៣ខែមេសាឆ្នាំ២០១៨ថា មហាជន មិនបានដឹងថា ក្នុងការបេីកទំលាយការសម្ងាត់នេះ តេីមានលក្ខខណ្ឌអ្វីទេជាមួយដៃគូសន្ទនា ។ បេីសិនជា ដៃគូសន្ទនាធ្វេីខុសពីការសន្យា លោកជុន ច័ន្ធបុត្រអាចដោះស្រាយតាមផ្លូវច្បាប់បាន ប៉ុន្តែ ទោះជាយ៉ាងណាក្តី ការសម្ងាត់ត្រូវបានបែកធ្លាយរួចហេីយ ហេីយនាពេលថ្មីៗនេះ លោកជុន ច័ន្ទបុត្រក៏បានទទួលស្គាល់ថា ពិតជាបានជួបពិភាក្សាគ្នាជាមួយលោកម៉ៅ សុផាន់ និងលោកហ៊ុន ម៉ាណែតមែន ។ ផ្អែកលេីការទទួលស្គាល់របស់លោកជុន ច័ន្ទបុត្រ នាំឲ្យមហាជនសន្និដ្ឋានថា ខ្លឹមសារសន្ទនាដែលត្រូវបានទំលាយ គឺជាការពិត ។
ឯកឧត្តមថា ដូច្នេះ ចេញពីខ្លឹមសារនេះ មហាជនអាចសន្និដ្ឋានបានថា រដ្ឋបាលអាមេរិកបានណែនាំនិងដាក់បទបញ្ជារឲ្យវិទ្យុអាសុីសេរីលាក់បាំងបាតុភាពអសកម្មនានាដែលកេីតឡេីងនៅអាមេរិកមែន ដែលជាការរំលោភសេរីភាពសារព័ត៍មានយ៉ាងជាក់ស្តែង ក្នុងខណៈដែលអាមេរិកអួតថាខ្លួនជាបិតាប្រជាធិបតេយ្យ និងមាតាសិទ្ធិមនុស្ស លេីលោក ។ វិទ្យុអាសុីសេរីផ្សាយព័ត៍មានប្រកបដោយចរិតនយោបាយ លំអៀងនយោបាយ លាក់បាំងការពិត និងក្រឡៃព័ត៍មានដែលមានចំណេញខាងនយោបាយខ្លួន ។ វិទ្យុអាសុីសេរីរំលោភវិជ្ជាជីវៈ និងក្រមសីលធ៌មសារព័ត៍មាន យ៉ាងច្បាស់ ដែលធ្វេីឲ្យមហាជនអ្នកស្តាប់មានការខកចិត្តយ៉ាងខ្លាំង ។
អ្នកនាំពាក្យបក្សកាន់អំណាចបញ្ជាក់ថា “លោកជុន ច័ន្ទបុត្រ បានរំលោភបទបញ្ជារផ្ទៃក្នុងរបស់អាមេរិក ជារឿងផ្ទៃក្នុងរបស់រដ្ឋបាលអាមេរិក និងអង្គភាពវិទ្យុអាសុីសេរី ដែលមហាជនរង់ចាំមេីលលទ្ធផលយ៉ាងណា នាពេលខាងមុខ ។តែទោះយ៉ាងណា ក៏ការទម្លាយការសម្ងាត់ គឺជាការបង្ហាឲ្យឃេីញចរិតលក្ខណៈពិសពុលនៃការផ្សាយរបស់វិទ្យុអាសុីសេរីដែលធ្វេីឲ្យមហាជនបាត់បង់ជំនឿយ៉ាងខ្លាំងលេីការផ្សាយនិង ទទួលព័ត៍មាន”៕