ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ ព្រមានធ្ងន់ៗដល់អ្នករកស៊ីឈើខុសច្បាប់ និងអ្នកនៅពីក្រោយខ្នង


(ព្រះវិហារ)៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ នៅថ្ងៃទី៣ ខែមេសា បានព្រមានធ្ងន់ៗ ទៅលើអ្នករកស៊ីបទល្មើសព្រៃឈើ ក៏ដូចជាអ្នកនៅពីក្រោយខ្នងបើកដៃកៀរគរឲ្យប្រជាពលរដ្ឋចូលទៅកាប់ព្រៃនៅតំបន់ព្រះរកា ដែលជាព្រៃអភិរក្សរបស់រដ្ឋថា ត្រូវមានការអបរំ និងផ្សព្វផ្សាយ។

ឯកឧត្តមព្រមានថា គឺយើងត្រូវធ្វើជាមួយនឹងប្រជាពលរដ្ឋនៅក្នុងសហគមន៍ឲ្យគាត់ចូលរួមជាមួយនឹងសមត្ថកិច្ចភាគច្រើនបទល្មើសព្រៃឈើតែងតែកើតឡើង ដោយសារតែបងប្អូនប្រជាពលរដ្ឋមួយចំនួនតូច ដែលជឿតាមការញុះញ៉ង់របស់ឈ្មួញឲ្យចូលទៅកាប់ព្រៃនៅតំបន់អភិរក្ស ហើយសហគមន៍ព្រៃឈើ ត្រូវបង្រៀនពួកគាត់ឲ្យចូលរួមថែរក្សា និងអភិរក្សព្រៃឈើឲ្យបានទាំងអស់គ្នា។

ឯកឧត្តមបន្ថែមថា ចំពោះមន្ត្រីជំនាញត្រូវតែត្រួតពិនិត្យនៅតាមកន្លែងសិប្បកម្ម កន្លែងប្រមូលផ្តុំប្រជាពលរដ្ឋចំណាកស្រុក ដែលមកបង្កើតបទល្មើសនៅក្នុងមូលរដ្ឋាន ហើយត្រូវតែហាមឃាត ឬបង្ក្រាបតែម្តង។

ឯកឧត្តមបានបន្តថា អាជ្ញាធរត្រូវមានវិធានការទៅតាមផ្លូវច្បាប់ ចំពោះជនល្មើសដែលបានប្រព្រឹត្តនូវបទល្មើសជាក់ស្តែង គឺត្រូវតែចាប់នៅនឹងកន្លែង ហើយចងក្រងសំណុំរឿងបញ្ជូនមកតុលាការ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់ ដោយមិនអាចលើកលែងបានឡើយ។

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានថ្លៃងព្រមានដូច្នេះ នៅពេលអញ្ជើញចូលរួមក្នុងកម្មវិធីវេទិការសន្ទនារវាងវេទិការសម្ព័ន្ធសង្គមស៊ីវិល ជាមួយអង្គការសមាគមន៍សហជីព និងសហគមន៍ខេត្តព្រះវិហារ កាលពីព្រឹកថ្ងៃអង្គារ ៣រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៨៕

 32325

 32326

 32324

 32323

 32322