ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ថៃ ប្ដេជ្ញា​រួមគ្នា​ធ្វើ​ឱ្យ​កិច្ចប្រជុំ​គណៈកម្មការ​ទន្លេ​មេគង្គ​សម្រេច​បាន​ជោគជ័យ

32417

សៀមរាប ៖​ក្នុងឱកាស​អញ្ជើញ​មក​ចូលរួម កិច្ចប្រជុំ​កំពូល​គណៈកម្មការ​ទន្លេ​មេគង្គ​លើក​ទី​៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ ​នៅ​ខេត្តសៀមរាប ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ​ហ៊ុន ​សែន​ នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​និង នាយករដ្ឋមន្ត្រី​ថៃ​ ប្រា​យុទ្ធ ចាន់​អូ​ចា ​បាន​ឯកភាពគ្នា​ ប្ដេជ្ញា​រួមគ្នា​ធ្វើ​ឱ្យ​កិច្ចប្រជុំ​គណៈកម្មការ​ទន្លេមេគង្គ​សម្រេច​បាន​ជោគជ័យ​។

ក្នុងជំនួប​មុន​បើក​កិច្ចប្រជុំ​កំពូល គណៈកម្មការ​ទន្លេមេគង្គ​លើក​ទី​៣ ​នៅ​ព្រឹក​ថ្ងៃទី​៥​ខែមេសា​នេះ ឯកឧត្តម ប្រា​យុទ្ធ ចាន់​អូ​ចា (Prayut Chan-o-cha) ​បាន​សាទរ​ចំពោះ​សម្តេច​តេ​ជោ​ ហ៊ុន សែន ក្នុង​ឱកាស​ខួបកំណើត​របស់​សម្តេច​កាលពី​ថ្ងៃទី​០៤ ខែមេសា ​ម្សិលមិញ ហើយក៏​បាន​ជូនពរ​ដល់​សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​និង​ប្រជាពលរដ្ឋ​កម្ពុជា​ទាំងអស់​ ក្នុងឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណីជាតិ​ខ្មែរ​ផងដែរ​។

ឯកឧត្តម ប្រា​យុទ្ធ​បាន​មានប្រសាសន៍ថា ឯកឧត្តម​ បាន​ជួប​សម្តេច​តេ​ជោ ​ជា​ញឹកញាប់​ដែល​នេះ​ជា​ការ​ឆ្លុះបញ្ចាំង​ពី​កិច្ច​សហប្រតិបត្តិការ និង​ទំនាក់ទំនង​យ៉ាង​ជិត ស្និត​រវាង​ថ្នាក់ដឹកនាំ​ក៏ដូចជា​ឆ្លុះបញ្ចាំង​​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​ឲ្យ​កាន់តែ​ល្អ​ផងដែរ​។ ​ឯកឧត្តម​ នាយករដ្ឋមន្ត្រី ​ក៏បាន​មានប្រសាសន៍ថា ​កម្ពុជា​នឹង​ថៃ​កំពុង​មាន​ដំណើរកា​រយ៉ា​ង​ល្អជា​ទីបំផុត​ ទោះ​យ៉ាងណា​ក៏ដោយ​ប្រទេស​ទាំងពីរ​ត្រូវ​បន្ត​កិច្ច​សហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ​ឲ្យ​កាន់តែ​ល្អប្រសើរ​។

ឯកឧត្តម​ បា​ន​ប្តេជ្ញាចិត្ត​ថា ​នឹង​ធ្វើ​យ៉ាងណា​ឲ្យ​កិច្ចប្រជុំ​កំពូល​គណៈកម្មការ​ទន្លេ​មេគង្គ​លើក​ទី​៣ នេះ​ទទួល​បាន​នូវ​ជោគជ័យ​ សំដៅ​បម្រើ​ផលប្រយោជន៍​រួម​របស់​ប្រទេស​ទាំងអស់​នៅ​តាម​ដង​ទន្លេមេគង្គ ។

​ជាការ​ឆ្លើយតប សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​កម្ពុជា ​បាន​ថ្លែងអំណរគុណ​ ចំពោះ​ឯកឧត្តម​ Prayut Chan-o-cha ដែល​បាន​ជូនពរ​ក្នុង​ថ្ងៃ​ខួប​កំណើត​​របស់​សម្តេច​ ហើយ​សម្តេច ​ក៏បាន​ជូនពរ​ដល់​ឯកឧត្តម ​ក៏​ដូច​ប្រជាពលរដ្ឋ​ថៃ​ទាំងអស់​ក្នុង​ឱកាស​បុណ្យចូលឆ្នាំថ្មី​ របស់​ប្រជាពលរដ្ឋ​ថៃ​នៅពេល​ខាងមុខនេះ​ផងដែរ​។​សម្តេច​តេ​ជោ ក៏បាន​យល់ស្រប​ទៅនឹង​អ្វីដែល​ឯកឧត្តម​នាយករដ្ឋមន្ត្រី​ថៃ​បាន​លើកឡើង​ទាក់ទង​នឹង​កិច្ចប្រជុំ​កំពូល​ទន្លេមេគង្គ​៕

 32418