សម្តេចភក្តី សាយ ឈុំ ជួបសំណេះសំណាលជាមួយកីឡាករ កីឡាការីនី ជ័យលាភី មេដាយមាស

32888

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់ នាពេលខាងមុខឆាប់ៗនេះ ព្រឹកថ្ងៃអង្គារ ១០រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង ០៩:០០នាទី នៅវិមានព្រឹទ្ធសភា សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជូនពរឆ្នាំថ្មី ជាមួយថ្នាក់ដឹកនាំគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងកីឡាករ កីឡាការីនី ជ័យលាភី មេដាយមាស ចំនួន៤០រូប…។

បន្ទាប់ពីបានស្តាប់ ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងតំណាងអោយកីឡាករ កីឡាការីនីជ័យលាភីមេដាយមាសជម្រាបរាយការណ៍ជូនអំពីការរីកចម្រើនលូតលាស់និងភាពផុសផុលយ៉ាងខ្លាំងក្នុងសង្គមជាតិរបស់វិស័យកីឡាជាតិនិងចលនាអូឡាំពិកកម្ពុជា…ដែលទាំងអស់នេះបានមកដោយការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំកំពូល នៃព្រឹទ្ធសភា រដ្ឋសភា និងជាពិសេសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានផ្តល់នូវសុខសន្តិភាព និងការអភិវឌ្ឍ លើគ្រប់វិស័យក្នុងនោះវិស័យកីឡាជាតិ និងចលនាអូឡាំពិកកម្ពុជាផងដែរនោះ… សម្តេចប្រធានព្រឹទ្ធសភា បានថ្លែងអំណរសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងទាំងឡាយរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្នុងការអនុវត្តន៍គោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីអភិវឌ្ឍវិស័យកីឡានៅកម្ពុជារហូតទទួលបានលទ្ធផលជាផ្លែផ្កាគួរជាទីមោទនៈដូចថ្ងៃនេះ។
សម្តេចក៏បានថ្លែងនូវអំណរសរសើដោយស្មោះអស់ពីដួងចិត្តចំពោះកីឡាករ កីឡាការីនីទាំងអស់ដែលបានខិតខំហាត់ពត់លត់ដំ និងអភិវឌ្ឍខ្លួន ក្លាយជាកីឡាករ កីឡាការីនីខ្លាំងពូកែឈានទៅដណ្តើមបានស្នាដៃជាជ័យលាភីមេដាយមាសលំដាប់អន្តរជាតិ និងពិភពលោក។ នេះមិនមែនគ្រាន់តែជាកិត្តិយស កិត្យានុភាព និងមោទនភាពរបស់ម្នាក់ៗប៉ុណ្ណោះទេ វាថែមជាកិត្តិយស កិត្យានុភាព មោទនភាពរបស់គ្រួសារ របស់គណៈកម្មាធិការជាតិកីឡាអូឡាំពិកកម្ពុជា និងជាកិត្តិយស កិត្យានុភាព មោទនភាពរបស់ជាតិយើងទាំងមូលផងដែរ…។

ព្រមជាមួយគ្នានោះដែរ សម្តេចប្រធានព្រឹទ្ធសភា ក៏បានផ្តល់អនុសាសន៍៖
១. គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ត្រូវបន្តខិតខំប្រឹងប្រែងអោយអស់ពីសមត្ថភាព និងលទ្ធភាពរបស់ខ្លួនអភិវឌ្ឍវិស័យកីឡានៅកម្ពុជាអោយកាន់តែរីកចម្រើនដើម្បីសុខភាព សាមគ្គីភាព មានកម្រិតអន្តរជាតិ ដែលមានសមត្ថភាពចូលរួមប្រកួតជាលក្ខណៈអន្តរជាតិទទួលបានស្នាដៃជាជ័យលាភីគ្រប់លំដាប់ និងច្រើនវិញ្ញាសាជាងទៀត។ ជាមួយនោះ សម្តេចស្នើសូមគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបន្តរៀបចំហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនៅថ្នាក់ជាតិ អោយបានគ្រប់គ្រាន់ ដើម្បីត្រៀមធ្វើជាម្ចាស់ផ្ទះរៀបចំស៊ីហ្គេម (SEA GAME) លើកទី៣២ ឆ្នាំ២០២៣។
២. សូមបន្តយកចិត្តទុកដាក់ ថែបំប៉នគ្រូបង្វឹកទាំងអស់ ទាំងកម្លាំងកាយ កម្លាំងចិត្ត កម្លាំងស្មារតី និងបច្ចេកទេស ដើម្បីមានសមត្ថភាព និងលទ្ធភាពគ្រប់គ្រាន់ ក្នុងការបណ្តុះបណ្តាលកីឡាករ កីឡាការីនីទាំងចាស់ ទាំងថ្មី ដើម្បីជ្រើសរើសកីឡាករ កីឡាការីនីឯក ចូលរូមក្នុងការប្រកួតជាអន្តរជាតិនានា ក៏ដូចជាត្រៀមដណ្តើមជ័យលាភីក្នុងការប្រកួតស៊ីហ្គេម (SEA GAME) នៅកម្ពុជាយើងនៅឆ្នាំ២០២៣។
៣. សូមកីឡាករ កីឡាការីនីជ័យលាភី ខិតខំការពារ និងពង្រីកខ្សែក្រវ៉ាត់របស់ខ្លួន និងធ្វើជាគម្រូលើគ្រប់ផ្នែកសម្រាប់កីឡាករជំនាន់ក្រោយ។ ជាមួយនោះ សូមកីឡាករ កីឡាការីនីទាំងអស់ប្រកាន់ខ្ជាប់នូវគុណធម៌កីឡា ក្រមសីលធម៌កីឡា សុំកុំធ្វើអ្វីដែលនាំអោយប៉ះពាល់ដល់កិត្តិយសខ្លួនឯងផង និងកិត្តិយសសង្គមជាតិផង។

 32882

 32878

 32879

 32875

 32872

 32883

 32876

 32877

 32887

 32886

 32881

 32880

 32871

 32873

 32874

 32870