ឯកឧត្តម សុខ ឥសាន បានថ្លែងថា ជប៉ុនជឿជាក់យ៉ាងមុតមាំថា ការបោះឆ្នោតថ្នាក់ជាតិ នៅខែកក្កដា ឆ្នាំ២០១៨ ខាងមុខ នឹងមានលក្ខណៈល្អ


ភ្នំពេញ៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា (CPP) ឯកឧត្តម សុខ ឥសាន បានថ្លែងថា ជប៉ុនជឿជាក់យ៉ាងមុតមាំថា ការបោះឆ្នោតថ្នាក់ជាតិ នៅខែកក្កដា ឆ្នាំ២០១៨ ខាងមុខ នឹងមានលក្ខណៈល្អអាចឲ្យកម្ពុជាធ្វើការអភិវឌ្ឍឆ្ពោះទៅរក ប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ខាងមុខ ។

ឯកឧត្តម សុខ ឥសាន លើកឡើងក្នុងប្រព័ន្ធតេឡេក្រាម ក្រុមអ្នកសារព័ត៌មាន នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៨ ស្របពេល លោក តារ៉ូ កូណូ (Taro Kono) រដ្ឋមន្ត្រីការបរទេសជប៉ុន បំពេញទស្សនកិច្ចនៅកម្ពុជា ។ គោលបំណងទស្សនកិច្ចរបស់ជប៉ុន ធ្វើយ៉ាងណាជួយមកដល់ កម្ពុជាឲ្យក្លាយទៅជាប្រទេស ដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។

អ្នកនាំពាក្យបន្ដថា ចាប់ពីឆ្នាំ ១៩៩២ ដល់ឆ្នាំ២០១៧ ប្រទេសជប៉ុនបានផ្តល់ជំនួយឲ្យកម្ពុជាចំនួន ៤ ៤០០លានដុល្លារ ដែលរួមមាន ជំនួយឥតសំណង ៣ ០៧៤ លានដុល្លារ , ជំនួយសម្បទាន ១ ៣២៦ លានដុល្លារ។

អ្នកនាំពាក្យអះអាងថា កាលពីឆ្នាំ២០១៦ ជប៉ុនបានបើកជើងហោះហើរត្រង់ ជប៉ុន-កម្ពុជា  មានទេសចរណ៍ជប៉ុន មកកម្ពុជាប្រមាណ២០០ ០០០នាក់ ។ លោកថា វិនិយោគជប៉ុននៅកម្ពុជាមាន ១៣០គម្រោង ស្មើនឹងទឹកប្រាក់ ១ ៦០០ លានដុល្លារ ។

ឯកឧត្តម សុខ ឥសាន ថា “ក្នុងនាមជាមិត្តដែលបានរួមចំណែក កសាងប្រទេសកម្ពុជា ដោយឈរលើលទ្ធិប្រជាធិបតេយ្យ ជប៉ុនជឿជាក់ថា ការបោះឆ្នោតនាខែកក្កដាខាងមុខ នឹងមានលក្ខណៈល្អស្របនឹងកម្ពុជា អាចឲ្យកម្ពុជាធ្វើការអភិវឌ្ឍ ឆ្ពោះទៅរកជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ ”៕