អភិបាលខេត្តពោធិ៍សាត់៖ ដឹកនាំប្រតិភូ គោរពវិញ្ញាណក្ខន្ធសព លោក ពុទ្ធ រិទ្ធី ប្រធានក្រុមប្រឹក្សាស្រុកកណ្តៀង

33119

ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៨ បានដឹកនាំប្រតិភូ គោរពវិញ្ញាណក្ខន្ធសព លោក ពុទ្ធ រិទ្ធី ប្រធានក្រុមប្រឹក្សាស្រុកកណ្តៀង ដែលបានទទួលមរណភាព កាលពីវេលាម៉ោង ០៦ និង១២នាទីព្រឹក ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៨ ក្នុងជន្មាយុ៦២ឆ្នាំ ដោយរោគាពាធ នៅគេហដ្ឋានសព បន្ទាប់ពីទទួលបានការថែទាំសុខភាពអស់រយៈពេលជាង៥ខែកន្លងមក។

ក្នុងពិធីគោរពវិញ្ញាណក្ខន្ធសព នៅគេហដ្ឋានស្ថិតក្នុងភូមិបឹងក្រាញ់ ឃុំស្វាយលួង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ឯកឧត្តម ម៉ៅ ធនិន ព្រមទាំងអ្នករួមដំណើរទាំងអស់ បានសម្តែងនូវក្តីក្រៀមក្រម ក្តុកក្តួលរំជួលចិត្ត សោកស្តាយក្រៃលែង ចំពោះការបាត់បង់ លោក ពុទ្ធ រិទ្ធី ដែលជាការបាត់បង់នូវស្វាមី និងឳពុកជាទីស្រលាញ់ ព្រមទាំងបាត់បង់ជីតាជាទីគោរព ដែលប្រកបដោយកតញ្ញូតាធម៌ និងភក្តីភាព ចំពោះក្រុមគ្រួសារ។ ឯកឧត្តមបានចាត់ទុកថា ការបាត់បង់នូវបុគ្គលដ៏ឆ្នើមមួយរូប ធ្លាប់បានតស៊ូយ៉ាងស្វិតស្វាញ ដោយលះបង់កម្លាំងកាយ និងកម្លាំងចិត្ត ដើម្បីបុព្វហេតុជាតិ មាតុភូមិ រហូតដល់រូបលោកបានលាចាកលោកយើងនេះទៅ គួរឲ្យសោកស្តាយជាទីបំផុត។

នាឱកាសនោះ ឯកឧត្តម ម៉ៅ ធនិន ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ និងប្រជាពលរដ្ឋទូទាំងខេត្តពោធិ៍សាត់ បានប្រគល់សារលិខិតរំលែកមរណទុក្ខ ជូនចំពោះក្រុមគ្រួសារសព ព្រមទាំងបានឧបត្ថម្ភ អង្ករ១២៥គីឡូក្រាម ទឹកក្រូច៥កេស ទឹកសុទ្ធ៥កេស និងថវិកាចំនួន២លានរៀល ទុកចាត់ចែង រៀបចំធ្វើបុណ្យតាមប្រពៃណី។ ដោយឡែកក្នុងថ្ងៃដដែលនោះ ឯកឧត្តម ម៉ៅ ធនិន ក៏បានឧបត្ថម្ភថវិកា សម្រាប់ទិញក្តាមឈូស ជូនគ្រួសារសពក្មួយស្រី ម៉ុច មានកូន៣ខែ និងម្តាយជាស្រ្តីមេម៉ាយ ដែលមានជីវិតក្រលំបាក រស់នៅភូមិមេទឹក ឃុំមេទឹក ស្រុកបាកាន ព្រមទាំងបានជូនជាអង្ករ ទឹកត្រី ទឹកស៊ីអ៊ីវ និងថវិកា សម្រាប់ទុកចាត់ចែង ធ្វើបុណ្យតាមប្រពៃណីផងដែរ៕

 33119

 33121

 33120

 33118