ពិធីសំណេះសំណាល និងបំពាក់មេដាយការពារជាតិ ជូនអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ស្ពឺ

33138

កំពង់ស្ពឺ៖ព្រឹកថ្ងៃ ព្រហស្បតិ៍ ៥កើត ខែ ចេត្រ ឆ្នាំច សំរឹទ្ធស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ១៩ ខែ មេសា ឆ្នាំ ២០១៨ នៅសាលាស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ឯកឧត្តម ហ៊ុន ម៉ានី អ្នកតំណាងរាស្រ្ត មណ្ឌលកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ឋយុវជនកម្ពុជា ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ឋជនកម្ពុជា ខេត្តកំពង់ស្ពឺ និងឧត្តមសេនីយ៍ឯក យឿង សុខុន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៣បានអញ្ជើញជាអធិបតីភាពក្នុង ដ៏ខ្ពង់ខ្ពស់ ពិធីសំណេះសំណាល និងបំពាក់មេដាយការពារជាតិ ជូនអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ស្ពឺ។

ឯកឧត្តម ហ៊ុន ម៉ានី អ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ស្ពឺ បានមានប្រសាសន៍ថា ដើម្បីឆ្លើយតបទៅនឹងគុណបំណាច់ដ៏ថ្លៃថ្លារបស់បងប្អូនអតីតយុទ្ធជនដែលកន្លងមក ហ៊ានពលីកម្មគ្រប់បែបយ៉ាងរំដោះប្រទេសជាតិឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ធ្វើឲ្យប្រទេសមានសុខសន្តិភាព និងមានការអភិវឌ្ឍរីកចំរើនរហូតដល់សព្វថ្ងៃនេះ ។ ដូច្នេះរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចផ្តល់គ្រឿងងឥស្សរិយយសជូនដល់បងប្អូនអតីតយុទ្ធជនក្នុងស្រុកឧដុង្គ ចំនួន៥៤៦នាក់ ក្នុងនោះមានមេដាយប្រាក់ចំនួន១០៩គ្រឿង និងមេដាយសំរិទ្ធិចំនួន៤៣៧គ្រឿង រួមជាមួយថវិការចំនួនផងដែរ ។

ក្នុងឱកាសនោះឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ក៍មានមតីផ្តាំផ្ញើដល់បងប្អូនអតីតយុវជនទាំងសូមកុំអស់សង្ឃឹមព្រោះថាប្រមុខរដ្ឋាភិបាលសព្វថ្ងៃលោកខិតខំយកចិត្តទុកដាក់ខ្លាំងណាស់ចំពោះបងប្អូនអតីតយុទ្ធជនយើង។ ឯកឧត្តម បានបន្តទៀតថាសូម អ៊ុំ ពួ មីង ទាំងអស់កុំជឿពាក្យភូតកុហកពីជនអក្តិមួយចំនួនតូចនៅក្រៅប្រទេសដែលតែងតែនិយាយបំភ្លៃព័ត៌មានថាកម្ពុជាយើងសព្វថ្ងៃគ្មានការរើកចំរើនឫរស់នៅដូចក្នុងភក់ច្រំអោយសោះហើយអ្វីដែលពួកគេនិយាយនោះគឺស្មើរនិងជនក្បត់ជាតិ ក្បត់បងប្អូនទៅវិញទេ។

ជាចុងក្រោយឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ សូមជួនពរដល់អ៊ុំ ពួ មីង អតីតយុទ្ធជនទាំងអស់ក្នុងឱកាស ឆ្នាំថ្មីនេះសូមអោយមានសុខភាល្អនិងរកទទួលទានមានបានគ្រប់ៗគ្នា និងជួបតែពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕

 33136

 33135

 33140

 33134

 33137

 33144

 33143

 33139

 33142