៣ខែ កម្ពុជាបង្កើតការងារថ្មីឲ្យកម្មករទាំងក្នុង និងក្រៅប្រទេសជិត ៣ម៉ឺនកន្លែង


ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ថ្លែងនៅព្រឹកថ្ងៃទី២៨ខែមិថុនា ឆ្នាំ២០១៦ថា ក្នុងត្រីមាសទី១ ឆ្នាំ២០១៦នេះ កម្ពុជាបានបង្កើតការងារថ្មី សម្រាប់កម្មករ–កម្មការិនីខ្មែរទាំងក្នុង និងក្រៅប្រទេសបានជិត ៣ម៉ឺនកន្លែង។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ក្នុងពិធីមីទ្ទិញរំឭកខួបអនុស្សាវរីយ៍លើកទី ៦៥ឆ្នាំនៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨.០៦.១៩៥១–២៨.០៦.២០១៦)ថា ប្រាក់ឈ្នួលអប្បបរមារបស់កម្មករ កម្មការិនីរោងចក្រកាត់ដេរ និងវាយនភណ្ឌ ត្រូវបានដំឡើងពី ១២៨ ដល់ ១៤០ដុល្លារ ហើយយន្តការពិភាក្សាប្រាក់ឈ្នួលកម្មករឆ្នាំ២០១៧ ក៏កំពុងតែដំណើរការបន្ដទៀត ។
សម្ដេចបន្តថា “បើនិយាយរួមចលនានៃកំណែទម្រង់គ្រប់ផ្នែក គ្រប់វិស័យកំពុង ធ្វើដំណើរក្នុងទិសដៅដ៏ត្រឹមត្រូវ និងផ្ដល់លទ្ធផលផ្លែផ្កាជីវភាពរបស់ប្រជាជនក៏កាន់តែបានប្រសើរឡើង។ ក្នុងនោះបានបង្កើតការងារថ្មីៗឲ្យកម្មករទាំងក្នុងនិងក្រៅប្រទេសផងដែរ”។
ទាក់ទងទៅនឹងកម្មករជួបគ្រោះថ្នាក់វិញ ក្នុងរយៈពេល ៦ខែ ឆ្នាំ២០១៦ នេះ មានអ្នកស្លាប់ចំនួន ៤២នាក់ របួសធ្ងន់ ៤១២នាក់ និងរបួសស្រាយ ២៨៤៩នាក់ នេះបើយោងតាមលទ្ធផលនៃកិច្ចប្រជុំត្រួតពិនិត្យរបស់ក្រុមការងារបេឡាជាតិរបបសន្តិសុខសង្គម ហៅកាត់ថា (បសស) នៅព្រឹកថ្ងៃទី២៨ ខែមិថុនា៕