ផ្លាស់ប្តូរភារកិច្ចប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ


លោក ឯម សុគន្ធ បានទទួលការតែងតាំងតាមប្រកាសក្រសួងបរិស្ថានជាប្រធានស្តីទីនៃមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ ជំនួស លោក ឈឺន សុធន ប្រធានមន្ទីរចាស់ ដែលត្រូវទៅទទួលភារកិច្ចថ្មីនៅអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុនៃក្រសួងបរិស្ថាន។

ពីធីប្រកាសតែងតាំងប្រារព្ឋធ្វើឡើងនៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៨ នាបណ្ណល័យខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាព ឯកឧត្តម ផៃ ប៊ុនឈឿន រដ្ឋលេខាធិការតំណាង ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ព្រមទាំងមានវត្តមានចូលរួមតំណាងគណៈអភិបាលខេត្តកំពង់ស្ពឺសមាជិកក្រុមប្រឹក្សាខេត្ត អស់លោក លោកស្រី ស្ថាប័ន មន្ទីពាក់ព័ន្ឋ កងកំលាំងប្រដាប់អាវុធ គរុសិស្ស សិស្សានុសិស្ស ជាច្រើន។

ឯកឧត្តម សុខ ភា អភិបាលរងខេត្តកំពង់ស្ពឺ បានវាយតម្លៃខ្ពស់ដល់លទ្ធផលការងារ ដែលលោក ឈឺន សុធន បានអនុវត្តល្អក្នុងកិច្ចការការពារធនធានធម្មជាតិ ក្នុងតំបន់ការពារនានា នាពេលកន្លងមក។ ហើយឯកឧត្តម អភិបាលរងខេត្ត បានណែនាំអោយលោកប្រធានមន្ទីរថ្មី ត្រូវពង្រឹងការអនុវត្តច្បាប់ បទដ្ឋានគតិយុទ្ឋអោយកាន់តែរឹងមាំដល់ការការពារ និងអភិរក្សធនធានធម្មជាតិ ជាពិសេសការគ្រប់គ្រងសំណល់រឹង រាវ តាមទីប្រជុំជនក្រុងរបស់រដ្ឋបាលថ្នាក់ខេត្ត ។

ឯកឧត្តម ផៃ ប៊ុនឈឿន រដ្ឋលេខាធិការក្រសួងបរិស្ថាន បានណែនាំដល់ប្រធានស្តីទីថ្មីនៃមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ យកចិត្តទុកដាក់លើកិច្ចគាំពារបរិស្ថាន ការការពារតំបន់ការពារធម្មជាតិ ដែនជម្រក និងឧទ្យានជាតិឲ្យនានគង់វង្ស ពិសេសធ្វើបច្ចុប្បន្ឋភាពផែនទីតំបន់ការពារធម្មជាតិ ដែនជម្រកសត្វព្រៃ និងដែនសហគមន៍ការពារធម្មជាតិឲ្យជាក់លាក់ ហើយចូលរួមក្នុងការធ្វើកំណែរទម្រង់ ឲ្យបានស៊ីជម្រៅរបស់រាជរដ្ឋាភិបាល ដើម្បីបម្រើឧត្តមប្រយោជន៍របស់ប្រទេសជាតិ ដោយយកប្រជាជនជាធំ ខិតខំបំពេញការងារប្រកបដោយមនសិការ វិជ្ជាជីវៈ និងកាទទួលខុសត្រូវខ្ពស់។ ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានជំរុញឱ្យប្រធានស្តទីថ្មីមន្ទីរបរិស្ថានខេត្ត ត្រូវមានសាមគ្គីភាពជាមួយស្ថាប័ន មន្ទីរពាក់ព័ន្ឋ និង មន្រ្តីក្រោមឱវាទ ដើម្បីប្រសិទ្ធភាពការងារគ្រប់គ្រងវិស័យបរិស្ថាន៕