ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនីជិត ២ម៉ឺននាក់ នៅក្រុងបាវិត ខេត្តស្វាយរៀង នៅព្រឹកថ្ងៃព្រហស្បត្តិ៍នេះ


(ស្វាយរៀង)៖ នៅព្រឹកថ្ងៃព្រសហ្បតិ៍ ១១រោច ខែពិសាខ សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបន្តអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីជិត ២ម៉ឺននាក់ នៅទីតាំងតំបន់សេដ្ឋកិច្ចពិសេស​ អ៉ិនធើវៀ អូតូម៉ូបាល អ៉ិនដាសស្រ្ទី ខមផ្លេកស៍ ក្នុងក្រុងបាវិត ខេត្តស្វាយរៀង។

កម្មករ-កម្មការិនីក្នុងខេត្តស្វាយរៀង ដែលសម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយនេះ មកពីរោងចក្រ សហគ្រាសចំនួន៣២ ក្នុងនោះមកពីរោងចក្រ សហគ្រាសនៅតំបន់សេដ្ឋកិច្ចពិសេសតាយសេងចំនួន ២៤រោងចក្រ, តំបន់សេដ្ឋកិច្ចពិសេសនាគរាជ​ចំនួន ៤រោងចក្រ​ និងតំបន់សេដ្ឋកិច្ចពិសេសសានតុង​ចំនួន ​៤រោងចក្រ​។

ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖

* សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា កាយវិការនៃការស្វាគមន៍របស់កម្មករ កម្មការិនី គឺបានបង្ហាញថា កម្មករ កម្មការិនី មិនមែនចាត់ទុកសម្តេចតេជោ មិនមែនត្រឹមតែជាមេដឹកនាំនោះទេ គឺចាត់ទុកជាឪពុក ឬ ជាពូជាដើម។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្រាប់អ្នករកស៊ីដឹកកម្មករ កម្មការិនី ដែលទិញរថយន្តដំឡើងនៅក្រុងបាវិត ខេត្តស្វាយរៀង អាចទៅខ្ចីលុយពីធនាគារជាមួយអត្រាការប្រាក់ទាប។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការរៀបចំបែបនេះ នឹងនាំឲ្យមានការគាំទ្រដល់រថយន្តផលិតដំឡើងនៅក្នុងប្រទេសកម្ពុជា ហើយអាចទទួលបានរថយន្តមួយមានស្តង់ដារក្នុងការដឹកកម្មករ កម្មការិនីផងដែរ។

* សម្តេចនាយករដ្ឋមន្ត្រីបានថ្លែងថា មានកម្មការិនីម្នាក់បន្ទាប់ពីបានថតរូបជាមួយសម្តេចហើយ ក៏ស្រក់ទឹកភ្នែក ហើយបានថ្លែងថា គេនឹងយករូបថតយកទៅឲ្យយាយរបស់គេមើល។ សម្តេចនាយករដ្ឋមន្ត្រី បានសន្និដ្ឋានថា តាមរយៈកាយវិការនេះបានបង្ហាញថា ក្តីស្រឡាញ់ និងគាំទ្រចំពោះសម្តេចមិនមែនមានត្រឹមសម័យបច្ចុប្បន្ននោះទេ គឺបានបន្តតាំងជំនាន់នៃឪពុកម្តាយ ឬជីដូនជីតារបស់ពួកគេមកម្ល៉េះ។ ជាពិសេសជីដូនជីតា និងឪពុកម្តាយរបស់ពួកគេនោះ សុទ្ធតែបានរួមចំណែកក្នុងការស្រោចស្រង់ប្រទេសចេញពីស្ថានភាពដ៏លំបាកពីអតីតកាល។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្មករ កម្មការិនីនៅក្នុងខេត្តស្វាយរៀង មួយឆ្នាំរកបានចំណូលប្រមាណ ១២០លានដុល្លារ ដែលជារួមចំណែកដ៏ធំសម្រាប់ទ្រទ្រង់ជីវភាព និងចាក់ចូលទៅក្នុងសេដ្ឋកិច្ចជាតិ។ នេះគិតត្រឹមជាមធ្យមកម្មករ កម្មការិនីម្នាក់ទទួលប្រានប្រាក់ឈ្នួលត្រឹម ២០០ដុល្លារប៉ុណ្ណោះ។

* សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងថា សម្តេចកំពុងពិចារណាថា រៀបចំគោលការណ៍ ដើម្បីកំណត់ឲ្យស្វាមីរបស់កម្មការិនីពេលសម្រាលកូន​អាចទទួលបានច្បាប់ឈប់សម្រាកក្នុងពេលកំណត់ណាមួយ ដើម្បីទៅមើលថែភរិយា ដោយទទួលបានប្រាក់ឈ្នួល។

* មានប្រសាសន៍ដល់ត្រង់ចំណុចនេះ សម្តេចតេជោ បានថ្លែងថា គ្មានស្វាមីណាអាចចោលភរិយាពេលសម្រាលកូនទេ លើកលែងតែសម្តេចព្រោះតែកាលៈទេសៈរបស់ប្រទេសជាតិ ពេលភរិយាសម្រាលកូនសម្តេចមិនបាននៅក្បែរនោះទេ ព្រោះត្រូវចេញតស៊ូដើម្បីជាតិ និងប្រជាជន។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចចង់អនុវត្តន៍គោលការណ៍ផ្តល់ការឧបត្ថម្ភថវិកាដល់ស្រ្តីនៅទូទាំងប្រទេសនៅពេលសម្រាលកូន ប៉ុន្តែកំពុងពិចារណាថា តើគួរឧបត្ថម្ភកម្រិតណាសម្រាប់ស្រ្តីជាប្រជាពលរដ្ឋធម្មតា។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បញ្ហាដឹកជញ្ជូនកម្មករនៅតែជាកង្វល់។ ហេតុនេះហើយទើបសម្តេចលើកទឹកចិត្តឲ្យមានការទិញរថយន្តដំឡើងដោយកម្ពុជា ដើម្បីមានស្តង់ដារមួយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការប្រឹងប្រែងរួមគ្នារំដោះប្រទេសចេញពីរបបប្រល័យពូជសាសន៍ ប៉ុលពត នៅថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩ គឺជាជោគជ័យធំណាស់សម្រាប់ជាតិកម្ពុជា។

* សម្តេចតេជោ ហ៊ុន សែន ក៏បានចាត់ទុកការប្រឹងប្រែងទប់ស្កាត់ការប៉ុនប៉ងវិលមកវិញនៃរបបខ្មែរក្រហម ការប្រឹងប្រែងរកកិច្ចចរចាសន្តិភាព ការបង្រួបបង្រួមជាតិតែមួយ និងការប្រឹងប្រែងអភិវឌ្ឍន៍ជាតិឲ្យកាន់តែរីកចម្រើន ក៏ជាជោគជ័យមួយសម្រាប់ជាតិផងដែរ។

* សម្តេចតេជោ ហ៊ុន សែន តំបន់ធ្លាប់វ៉ៃគ្នាកាលពីអតីតកាលត្រូវបានប្រែក្លាយទៅជាទៅជាផ្ទៃដីបង្កបង្កើនផល និងក្លាយទៅជាតំបន់សេដ្ឋកិច្ចអស់ហើយ។

* សម្តេចនាយករដ្ឋមន្ត្រី បានបន្ថែមថា អ្វីៗដែលកម្ពុជាកំពុងមានមិនមែនបានមកពីបក្សប្រឆាំងនោះទេ គឺបានពីការប្រឹងប្រែងរួមគ្នារបស់រាជរដ្ឋាភិបាលដឹកនាំ ដោយគណបក្សប្រជាជនកម្ពុជា ជាមួយប្រជាពលរដ្ឋដោយផ្ទាល់។ ដោយឡែកបក្សប្រឆាំងបានត្រឹមស្រែកទាមទារឡើងប្រាក់ឈ្នួល ដែលលើសពីសមត្ថភាពរបស់ថៃកៅរោងចក្រតែប៉ុណ្ណោះ។ សម្តេចបានចាត់ទុកការទាមទារប្រាក់ឈ្នួលរបស់បក្សប្រឆាំង គឺជាសកម្មភាព «ដុតឲ្យខ្លោច រោចឲ្យឆៅ»។

* សម្តេចបានពន្យល់ថា មានប្រទេសនៅក្នុងតំបន់អាស៊ីជាច្រើន​ កំពុងប្រកួតប្រជែងជាមួយកម្ពុជា ដូច្នេះបើមានការទាមទារដំឡើងប្រាក់ឈ្នួលខ្ពស់ហួសហេតុ ឬ ការទាមទាររហូតមានផ្ទុះបាតុភាពផ្សេងៗ នឹងនាំឲ្យថៅកែរោងចក្រទាំងនេះទៅវិនិយោគនៅប្រទេសដទៃ ហើយនាំឲ្យកម្មករអត់ការងារធ្វើជាក់ជាមិនខាន។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅឆ្នាំថ្មីនេះរោងចក្របានកើនឡើងប្រមាណ ៥០រោងចក្រ ផ្តល់ការងារបន្ថែមដល់ប្រជាពលរដ្ឋប្រមាណ ៣ម៉ឺនកន្លែង។ សម្តេចថាសមិទ្ធផលទាំងនេះមិនមែនបានមកពីការស្រែករបស់បក្សប្រឆាំងនោះទេ ពោលពួកគេបានត្រឹមស្រែកទាមទារឲ្យបរទេសឈប់ទិញទិញរបស់កម្ពុជា ដែលជាការសម្លាប់ឆ្នាំងបាយរបស់កម្មករតែប៉ុណ្ណោះ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងទង្វើអំពាវនាវឲ្យបរទេសឈប់ទិញទំនិញ ឈប់មកវិនិយោគ ឬឈប់ផ្តល់ជំនួយមកកម្ពុជា គឺជាទង្វើក្បត់ប្រយោជន៍ប្រជាជន។

* សម្តេចតេជោ ហ៊ុន សែន បន្តបានថ្លែងថា លោក សម រង្ស៊ី មិនទាន់បានកាន់អំណាចផង ហ៊ានចុះហត្ថលេខាកាត់ទឹកដី៤ខេត្តរបស់ខ្មែរ ឲ្យជនជាតិភាគតិចវៀតណាម នេះជាទង្វើក្បត់ជាតិ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រជាពលរដ្ឋជាប់តាមព្រំដែនគ្នា គឺតែងតែមានការពឹងអាស្រ័យគ្នាទៅវិញទៅមក។ ក្នុងនោះរាល់ពេលសម្តេចមានជំនួបជាមួយមេដឹកនាំថៃ ឡាវ និងវៀតណាម ដែលជាប្រទេសមានព្រំដែនជាមួយកម្ពុជានោះ សម្តេចតែងតែស្នើសុំឲ្យមានការអនុញ្ញាតឲ្យប្រជាពលរដ្ឋខ្មែរជាប់ព្រំដែនអាចចូលទៅពិនិត្យ ឬព្យាបាលជំងឺនៅមន្ទីរពេទ្យរបស់ប្រទេសទាំងនោះ។

* សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងឲ្យដឹងផងដែរថា សម្តេចកំពុងពិចារណាធ្វើកិច្ចព្រមព្រៀង ដើម្បីប្រើប្រាស់ទឹកជាមួយប្រទេសជិតខាង ពោលបើប្រទេសជិតខាងមាន ប្រព័ន្ធធារាសាស្ត្រ កម្ពុជាអាចទាញទឹកមកប្រើ ហើយបើប្រទេសកម្ពុជាមានប្រព័ន្ធធារាសាស្ត្រ ប្រទេសជិតខាងក៏អាចទាញទឹកពីកម្ពុជាទៅប្រើប្រាស់បានផងដែរ។

* សម្តេចតេជោ បានថ្លែងគាំទ្រចំពោះការប្រឡងសម្រស់ឯកវេយណភណ្ឌ និងលើកទឹកចិត្តឲ្យរោងចក្រ សហគ្រាសនានា ដាក់កម្មករ កម្មការិនីឲ្យចូលរួមប្រកួតប្រជែងក្នុងកម្មវិធីនេះឲ្យបានច្រើន។

* សម្តេចតេជោ ហ៊ុន សែន​ បានលើកឡើងថា កម្មករ កម្មការិនី ដែលកំពុងធ្វើការនៅប្រទេសថៃ អាចត្រឡប់មកធ្វើការនៅក្នុងប្រទេស ព្រោះនៅក្នុងស្រុកកំពុងត្រូវការកម្លាំងពលកម្ម។

* សម្តេចតេជោ ហ៊ុន​ សែន បានថ្លែងថា យើងកំពុងរិះរកវិធីសាស្រ្តដោះស្រាយបញ្ហារឿងថៅកែរោងចក្របិទ ហើយរត់ចោលកម្មករ។

* សម្តេចនាយករដ្ឋមន្រ្តី បានបន្តលើកឡើងថា ត្រូវរួមគ្នាដើម្បីការពារសន្តិភាព ដើម្បីការអភិវឌ្ឍន៍ប្រទេសជាតិ ដូច្នេះដើម្បីទទួលបានសន្តិភាព និងការអភិវឌ្ឍន៍នេះគ្រាន់តែបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាទៅបានហើយ។

* ការដឹកនាំប្រទេសសម្តេចតេជោ ហ៊ុន សែន បានប្រៀបធៀបសម្តេចទៅនឹងអ្នកបើកបររថយន្ត ដែលមានបទពិសោធន៍ច្រើនឆ្នាំ មិនឲ្យមានគ្រោះថ្នាក់នោះទេ។

* សម្តេចនាយករដ្ឋមន្រ្តី បានថ្លែងថា គណបក្សយ៉ាងតិចចំនួន១២ នឹងចូលរួមការបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ។

* សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា រដ្ឋាភិបាលតែងតាំងគិតដល់ប្រយោជន៍ប្រជាជន បូកទាំងផ្លូវថ្នល់ ស្ពាន អគ្គិសនី ទឹក ប្រាក់បៀរវត្សរ៍របស់កម្មករ និងមន្រ្តីរាជការ និងផ្សេងៗជាច្រើនទៀត។

* សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ការធ្វើដំណើររបស់សម្តេចតាមឧទ្ធម្ភាចក្រ ចុះទៅតាមបណ្តាខេត្តនានាជួបបងប្អូនប្រជាពលរដ្ឋ ចំណាយពេលតិច និងចំណេញថវិកា ជាងការធ្វើដំណើរតាមរថយន្ត ដោយសារការធ្វើតាមផ្លូវត្រូវការចំណាយថវិកាច្រើន និងកម្លាំងការពារតាមដងផ្លូវច្រើន ព្រោះត្រូវការចាក់ប្រេងសាំង ដឹកជញ្ជូនកម្លាំងការពារដាក់តាមដងផ្លូវ។