ឯកឧត្តម លឹម គានហោ អញ្ជើញជាអធិបតីក្នុងពិធីបើកកិច្ចប្រជុំចរចាថ្លៃលើគម្រោងសាងសង់អាងទឹក រក្សា ក្នុងស្រុករវៀង ខេត្តព្រះវិហារ


ព្រឹកថ្ងៃព្រសហ្បតិ៍ ១១រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី ១០ ខែឧសភា ឆ្នាំ ២០១៨ នៅទីស្តីការក្រសួង ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញជាអធិបតីក្នុងពិធីបើកកិច្ចប្រជុំចរចាថ្លៃលើគម្រោងសាងសង់អាងទឹក រក្សា ស្ថិតនៅក្នុងស្រុករវៀង ខេត្តព្រះវិហារ ដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មន្ត្រីបច្ចេកទេសក្រសួងធនធានទឹក និងឧតុនិយម និងតំណាងក្រុមហ៊ុន Guangdong Foreign Construction Co.,Ltd នៃសាធារណរដ្ឋប្រជាមានិតចិន ។

ថ្លែងនៅក្នុងកិច្ចប្រជុំ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងនូវការថ្លែងអំណរគុណដល់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់គាំទ្រដល់ការអភិវឌ្ឍលើវិស័យទឹក ហើយនៅពេលនេះទៀតសោតក៏បានចាត់បញ្ជូននូវតំណាង មកចូលរួមប្រជុំតាមការអញ្ជើញរបស់ក្រសួងធនធានទឹក និងឧតុនិយម ។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានផ្តល់នូវអនុសាសន៍គន្លឹះមួយចំនួនដល់ក្រុមការងារ ក្នុងន័យធ្វើយ៉ាងណាកាត់បន្ថយឱ្យបានជាអតិបរមានូវផលប៉ះពាល់បរិស្ថាន និងសង្គម ដែលអាចកើតមានឡើងដោយសារការសាងសង់អាងទឹកនេះ ។ ក្នុងន័យនេះ ឯកឧត្តមរដ្ឋមន្ត្រី បានកំណត់យកក្រិតកម្ពស់ទំនប់អាងត្រឹមតែ ៤៩ ម៉ែត្រ ។

សូមបញ្ជាក់ជូនថា ទំនប់អាងទឹក រក្សា មានទីតាំងស្ថិតនៅក្នុងស្រុករវៀង ខេត្តព្រះវិហារ ។ ក្នុងករណីដែលការសាងសង់អាងទឹក ដោយទំនប់អាងមានកម្ពស់ ៤៩ ម៉ែត្រ នោះអាងទឹករក្សា នឹងអាចរក្សាទឹកទុកបានប្រមាណ ២៥៧ លានម៉ែត្រគូប សម្រាប់ធ្វើការស្រោចស្រពលើផ្ទៃដីស្រូវវស្សា ១៣១.៣២៣ ហិកតា និងស្រូវប្រាំង ២២.៨៧៣ ហិកតា ។ តួនាទីសំខាន់មួយទៀតរបស់អាងទឹកនេះ គឺជួយកាត់បន្ថយជំនន់ស្ទឹងសែននៅរដូវវស្សា និងផ្តល់ទឹកសម្រាប់ការប្រើប្រាស់នៅរដូវប្រាំង ។

ឯកឧត្តមរដ្ឋមន្ត្រីក៏បានផ្តល់អនុសាសន៍ឱ្យក្រុមការងារបច្ចេកទេស ដកចេញនូវគម្រោងវារីអគ្គិសនី ប៉ុន្តែក្នុងគម្រោងប្លង់ និងការសាងសង់ ត្រូវតែរក្សាទុកនូវចន្លោះសម្រាប់ការបំពាក់ Turbine ។ ការធ្វើដូចនេះ គឹមានផលចំណេញច្រើន ពោលគឺនាថ្ងៃអនាគត នៅពេលដែលរាជរដ្ឋាភិបាល ចង់ទាញយកថាមពលអគ្គិសនីពីទំនប់នេះ យើងគ្រាន់តែបំពាក់នូវ Turbine ជាការស្រេច ។