យុវជនកម្ពុជាបញ្ចប់វគ្គបណ្តុះបណ្តាលកម្មវិធីអភិវឌ្ឍន៍ភាពជាអ្នកដឹកនាំនយោបាយ


«ប្រទេសនីមួយៗអាចរីកចម្រើនទៅមុខបានដោយសារមានបញ្ញាវន្ត ប្រកបដោយចំណេះវិជ្ជា គតិបណ្ឌិត និងសីលធម៌ល្អ ដើម្បីគិតគូដោះស្រាយរាល់បញ្ហា និងដឹកនាំដោយភាពប៉ិនប្រសព្វ» នេះជាប្រសាសន៍លើកឡើង របស់ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិកាកិច្ចក្នុងពិធីបិទវគ្គបណ្តុះបណ្តាល កម្មវិធីអភិវឌ្ឍន៍ភាពជាអ្នកដឹកនាំនយោបាយជំនាន់ទី៧ ដល់ ទី១០ នាក្រសួងបរិស្ថាន នៅព្រឹកថ្ងៃសៅរិ៍ ១៣រោច ខែពិសាខ ឆ្នាំច សំរឹទ្ឋិស័ក ព.ស ២៥៦២ ត្រូវនឹងទី១២ ខែឧសភា ឆ្នាំ២០១៨។ ជាមួយគ្នានេះ លោកជំទាវឧបនាយករដ្ឋមន្រ្តី បានបញ្ជាក់ផងដែរថាយុវជនដែលបានចូលរួមវគ្គបណ្តុះបណ្តាលកម្មវិធីអភិវឌ្ឍន៍ភាពជាអ្នកដឹកនាំនយោបាយ នាពេលនេះនឹងយកចំណេះដឹងទៅអនុវត្តន៍ចំគោលដៅ និងភារកិច្ចរបស់ របស់ខ្លួន ឱ្យមានប្រសិទ្ឋភាពខ្ពស់ ប្រកបដោយគុណភាព សមធម៌ គុណធម៌តាមលទ្ឋិ ប្រជាធិបតេយ្យ។ សូមបញ្ជាក់ថាយុវជនមកពីក្រសួង ស្ថាប័ននានា ចំនួន ៦១៦នាក់ បានបញ្ជាប់ដោយជោគជ័យវគ្គបណ្តុះបណ្តាលកម្មវិធីអភិវឌ្ឍន៍ភាពជាអ្នកដឹកនាំនយោបាយ ជំនាន់ទី៧ រហូតដល់ជំនាន់ទី១០។
ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានបញ្ជាក់ថានៅក្នុងវគ្គបណ្តុបណ្តាល យុវជនបានចូលរួមចែករំលែកនូវចំណេះដឹង និងបទពិសោធន៍ទាក់ទងនឹង ភាពជាអ្នកដឹកនាំ ប្រកបដោយ គុណភាព ភាពឈ្លាសវៃ ធ្វើយ៉ាងណាក្លាយជាយុវជនគំរូបន្ត ទៀតក៏ដូចជាធ្វើជា អ្នកបន្តវេន ក្នុងការចូលរួមសង្គម និងប្រទេសជាតិឱ្យមានការរីកចំរើន។
នាឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន បានលោកឡើងដែរថា វគ្គបណ្តុះបណ្តាលនេះ ក៏រួមបញ្ចូលនូវខ្លឹមសារសំខាន់ចំនួន៤ ទាក់ទងនឹងសន្តិភាព ស្ថេរភាពនយោបាយ សេរីភាពសារព័ត៌មាន និងស្ថានភាពជីវភាពរបស់ប្រជាជនមានភាពរីកចំរើន ដែលជាចំណុចគន្លឹះដែលយុវជនត្រូវស្វែងយល់៕