ពិធីប្រគល់-ទទួលរថយន្តគ្លីនិកចល័ត ចំនួន២០គ្រឿង លើកដំបូងដែលជាជំនួយឥតសំណងរបស់សាធារណរដ្ឋប្រជាមានិតចិន


នាថ្ងៃព្រហស្បត៌​ ១១​ រោច​ ខែពិសាខ​ ឆ្នាំច​ សំរឹទ្ធិស័ក​ ព.ស.២៥៦២​ ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង ០៨:០០ ព្រឹក នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ឯកឧត្តមសាស្រ្តាចារ្យ ម៉ម​ ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីរួមជាមួយ ឯកឧត្តម សុង បូ ឯកអគ្គរដ្ឋទូតវិសាម័ញ្ញនិងពេញសមត្ថភាពនៃ​ សាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីប្រគល់-ទទួលរថយន្តគ្លីនិកចល័ត ចំនួន២០គ្រឿង លើកដំបូង ដែលជាជំនួយឥតសំណងរបស់សាធារណរដ្ឋប្រជាមានិតចិន​ ជូនក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមរដ្ឋមន្រ្តីក្រសួងសុខាភិបាបានមានប្រសាសន៍ថា តាមគំនិតផ្តួចផ្តើមរបស់មេដឹកនាំកំពូលនៃប្រទេសយើងទាំងពីរ​ គឺ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន​ សែន​ នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម ស៊ី ជីងពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន លិខិតប្តូរសារស្តីពីការផ្តល់គ្លីនិកចល័តចំនួន៤០គ្រឿង រវាងរាជរដ្ឋាភិបាលកម្ពុជានិងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ត្រូវបានចុះហត្ថលេខានាថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៧។ ការផ្គត់ផ្គង់រថយន្តគ្លីនិកចល័តនេះ ត្រូវបានធ្វើជាពីរដំណាក់កាល​ គឺដំណាក់កាលទី១ ភាគីមិត្តចិនប្រគល់ចំនួន២០គ្រឿង ឱ្យក្រសួងសុខាភិបាលនាពេលនេះ។ រីឯ ២០គ្រឿងទៀត ភាគីមិត្តចិននឹងផ្តល់ជូនក្នុងតំណាក់កាលទី២ នៅពេលវេលាសមស្រប បន្ទាប់ពីទទួលបានព័ត៌មានត្រឡប់ពីការប្រើប្រាស់រថយន្តគ្លីនិកចល័តទាំង២០គ្រឿងនៃដំណាក់កាលទី១។ រថយន្ត ចំនួន២០គ្រឿង ក្នុងតំណាក់កាលទី២ នឹងត្រូវបញ្ជូនមកកម្ពុជាយ៉ាងយូរបំផុតត្រឹមថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨។

ឯកឧត្តមរដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់បន្ថែមថា គ្លីនិកចល័តនេះ ត្រូវបានបំពាក់ដោយសម្ភារៈបរិក្ខារពេទ្យ មានដូចជា ម៉ាស៊ីនកាំរស្មីអ៊ិចឌីជីថល អេកូឌីជីថល ឧបករណ៍វិភាគទឹកនោម ឧបករណ៍វិភាគឈាម ម៉ូនីទ័រតាមដានគភ៌ទារក និងម្តាយ ជញ្ជីងថ្លឹងទម្ងន់ និងវាស់កម្ពស់ ឧបករណ៍ឆែកមុខងារសួត ឧបករណ៍វិភាគជីវគីមីដោយស្វ័យប្រវត្តិ (Electrocardiograph, Binocular Handheld Slit Lamp Microscope, General type hanging diagnosis System, Digital Electronic Colposcope)​ ឧបករណ៍ពិនិត្យសុដន់អ៊ីនហ្រ្វារ៉េដ កញ្ចប់ឧបករណ៍ផ្នែករោគស្រ្តី កញ្ចប់ឧបករណ៍ផ្នែកវះកាត់ទូទៅ ត្រចៀក ច្រមុះ បំពង់ក កៅអីព្យាបាលធ្មញ ម៉ាស៊ីនខ្យល់កំចាត់មេរោគ មីក្រូទស្សន៍ជីវសាស្រ្ត ឧបករណ៍កំចាត់មេរោគ ទូទឹកកកវេជ្ជសាស្រ្ត និងគ្រឿងបន្លាស់សរុប ៥% នៃសម្ភារៈបរិក្ខារពេទ្យទាំងអស់។ គ្លីនិកចល័តទាំងនេះនឹងត្រូវបានបែងចែកទៅឱ្យមន្ទីរសុខាភិបាលរាជធានី-ខេត្តទាំង២៥ ដើម្បីប្រើប្រាស់ក្នុងការផ្ដល់សេវាពិនិត្យ ព្យាបាលដល់ប្រជាពលរដ្ឋ ដែលនឹងចូលរួមចំណែកបង្ខិតសេវាសុខាភិបាលឱ្យកាន់តែជិតប្រជាពលរដ្ឋ ប្រកបដោយគុណភាព សុវត្ថិភាព និងប្រសិទ្ធភាព។
ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន ប្រជាជនចិន​ ហើយអំណោយដ៏ថ្លៃថ្លានាពេលនេះ​ នឹងចូលរួមចំណែកលើកកម្ពស់សុខភាព និងគុណភាពជីវិតប្រជាជនកម្ពុជា ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។

ឯកឧត្តមឯកអគ្គរដ្ឋទូតចិន បានមានប្រសាសន៍ថា ជំនួយគ្លីនិកចល័តនេះជាជំនួយក្រៅប្រទេសទី១ របស់សាធារណរដ្ឋប្រជាមានិតចិន ហើយដែលបានផ្តល់ជូនកម្ពុជា និងសូមសំណូមពរដល់មន្រ្តីសុខាភិបាលកម្ពុជា ប្រើប្រាស់ ព្រមទាំងថែទាំគ្លីនិកចល័តទាំងនេះឱ្យមានប្រសិទ្ធិភាពខ្ពស់។