សិក្ខាសាលាណែនាំការប្រើប្រាស់មជ្ឈមណ្ឌលធនធានអប់រំអេឡិចត្រូនិក និងបណ្ដាញសង្គមផ្លូវការរបស់ក្រសួងអប់រំ យុវជន និងកីឡា


រាជធានីភ្នំពេញ៖ នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន នៃក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំសិក្ខាសាលាណែនាំការប្រើប្រាស់មជ្ឈមណ្ឌលធនធានអប់រំអេឡិចត្រូនិក និងបណ្ដាញសង្គមផ្លូវការរបស់ក្រសួងអប់រំ យុវជន និងកីឡា ដល់គរុសិស្ស ដើម្បីចង្អុលបង្ហាញគរុសិស្សទាំងនោះ ពីវិធីសាស្ត្រល្អៗមួយចំនួន សម្រាប់ការងារបង្រៀន និងអាចទាញយកប្រភពធនធានដ៏មានសារសំខាន់ យកទៅប្រើប្រាស់ ដើម្បីឱ្យការងារបង្រៀនកាន់តែមានភាពសម្បូរបែប ងាយស្រួល និងប្រកបដោយប្រសិទ្ធភាពតាមរយៈប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍។

សិក្ខាសាលាណែនាំការប្រើប្រាស់មជ្ឈមណ្ឌលធនធានអប់រំអេឡិចត្រូនិក និងបណ្ដាញសង្គមផ្លូវការរបស់ក្រសួងអប់រំ យុវជន និងកីឡា ត្រូវបានរៀបចំឡើង ក្រោមអធិបតីភាពលោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការក្រសួង អប់រំ យុវជន និងកីឡា នាព្រឹកថ្ងៃសៅរ៍ ១៣រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦១ នៅវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ ដោយក្នុងនោះមានសិក្ខាកាមជាគរុសិស្សចូលរួមចំនួន ៣៧៣នាក់៕