អាជ្ញាធរជាតិអប្សរាសហការជាមួយគ្រូពេទ្យស្ម័គ្រចិត្តមកពីសហរដ្ឋអាមេរិករៀបចំកម្មវិធីពិនិត្យសុខភាពជូនពលរដ្ឋក្នុងតំបន់អង្គរដោយឥតគិតថ្លៃ


ដោយមានការសម្របសម្រួលពីអាជ្ញាធរជាតិអប្សរាបានអញ្ជើញក្រុមគ្រូពេទ្យស្ម័គ្រចិត្ត The CPR Hero Training Center ១០នាក់មកពីរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ដឹកនាំដោយលោកស្រីវេជ្ជបណ្ឌិត SORMA Sahai និងលោកវេជ្ជបណ្ឌិត Michael Pham ជំនាញសង្គ្រោះបឋម បានចុះមកពិនិត្យសុខភាពជូនប្រជាជននៅភូមិត្នោតនិងភូមិលលៃ ស្រុកសៀមរាប ក្នុងតំបន់អង្គរ ចំនួន២០០នាក់ដោយឥតគិតថ្លៃ នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៦។
លោកស្រី ម៉ម វណ្ណរតន៍ ឧបការីអាជ្ញាធរជាតិអប្សរា បានប្រាប់ថា ដោយមានការយកចិត្តទុកដាក់និង ព្រួយបារម្ភចំពោះសុខភាព ប្រជាជនក្រីក្រក្នុងតំបន់អង្គរ អាជ្ញាធរជាតិអប្សរា បានរៀបចំកម្មវិធីពិនិត្យសុខភាពឥតគិតថ្លៃនេះឡើង ដោយមានក្រុមគ្រូពេទ្យ ស្ម័គ្រចិត្តមកពីរដ្ឋកាលីហ្វ័រញ៉ាជួយពិនិត្យសុខភាពនិងប្រឹក្សាយោបល់ដល់ពួកគាត់។ ការពិនិត្យសុខភាពនេះមានដូចជា ការពិនិត្យសម្ពាធឈាម ជាតិស្ករក្នុងឈាម ថ្លឹងទម្ងន់ វាស់កម្ពស់ និងប្រព័ន្ធប្រសាទ ដើម្បីឱ្យពួកគាត់បានដឹងថា ក្នុងខ្លួន គាត់មានបញ្ហាអ្វីមួយ ហើយធ្វើការណែនាំឱ្យគាត់ទៅជួបគ្រូពេទ្យជំនាញក្នុងស្រុកដើម្បីធ្វើការព្យាបាលបានទាន់ពេលវេលា។ លោកស្រីបន្តទៀតថា ក្រៅពីពិនិត្យសុខភាពនិងផ្តល់យោបល់ហើយ ក្រុមគ្រូពេទ្យក៏បាននាំប្រជាជនធ្វើចលនារាងកាយ ដើម្បីសម្រួលដល់សន្លាក់ឆ្អឹងផងដែរ។
លោកតា កយ អាយុ៧៧ឆ្នាំ ជាប្រជាពលរដ្ឋនៅភូមិត្នោត សង្កាត់អំពិល ស្រុកសៀមរាប បានសម្តែងនូវសេចក្តីរីករាយដែលបាន ក្រុមគ្រូពេទ្យស្ម័គ្រចិត្តចុះមកពិនិត្យសុខភាព ដោយឥតគិតថ្លៃ ព្រោះជីវភាពខ្សត់ខ្សោយដូចលោកតាបើចង់ដឹងថា ខ្លួនឯងកើតអី នោះក៏មិនមានលទ្ធភាពទៅរកការប្រឹក្សាពីគ្រូពេទ្យដែរ។ បន្ទាប់ពីពិនិត្យសុខភាពហើយលោកគ្រូពេទ្យបានប្រាប់ថា លោកតា មានជំងឺលើសឈាម មិនត្រូវធ្វើការធ្ងន់ៗទេ ពិសេសគឺត្រូវទៅជួបគ្រូពេទ្យក្នុង ស្រុកដើម្បីធ្វើការព្យាបាល ជំងឺឱ្យទាន់ពេល។
លោកយាយ ម៉ោញ វ៉ាន អាយុ៧០ឆ្នាំមកពីភូមិលលៃ បានប្រាប់ដែរថា ក្រោយពិនិត្យ សុខភាពរួច គ្រូពេទ្យប្រាប់ថាសម្ពាធឈាម និងប្រព័ន្ធប្រសាទល្អជាទេ ខ្វះតែជាតិស្ករប៉ុណ្ណោះ ទើបធ្វើឱ្យលោកយាយហត់និងខ្សោយ វិលមុខជាដើម។ គ្រូពេទ្យណែនាំឱ្យញ៉ាំបាយ ៦ដងក្នុងមួយថ្ងៃ តែញ៉ាំតិចៗ និងកាត់បន្ថយការហូបផ្អែម។ លោកយាយក៏សម្តែងនូវការអរគុណដល់ក្រុមគ្រូពេទ្យ ដែលបានជួយ ពិនិត្យសុខភាពយ៉ាងយកចិត្តទុកដាក់។
លោកមេភូមិត្នោតបានសម្តែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះអាជ្ញាធរជាតិអប្សរាដែលបានអញ្ជើញក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពិនិត្យសុខភាពជូនប្រជាពលរដ្ឋក្រីក្រនៅភូមិត្នោតនិងភូមិលលៃដោយឥតគិតថ្លៃ ធ្វើឲ្យអ្នកភូមិខ្លះដែលគាត់ឈឺតែគ្មានលទ្ធភាព ទៅពេទ្យនោះបានដឹងពីជំងឺរបស់គាត់។ មិនតែប៉ុណ្ណោះកន្លងមកអាជ្ញាធរជាតិអប្សរាក៏បានចែកកញ្ចប់ទ្រទ្រង់សុខុមាលភាពមាតានិងទារកដល់ស្ត្រីទើបសម្រាលកូនហើយដល់អ្នកភូមិ និងជំនួយបឋមពេលភ្លើងឆេះផ្ទះ ព្រមទាំងរួមចំណែកក្នុងការអភិវឌ្ឍសហគមន៍ជាច្រើនទៀតផង៕

Apsaraa 3-7-2016 (5)

Apsaraa 3-7-2016 (6)

Apsaraa 3-7-2016 (7)

Apsaraa 3-7-2016 (8)

Apsaraa 3-7-2016 (9)

Apsaraa 3-7-2016 (10)

Apsaraa 3-7-2016 (12)

Apsaraa 3-7-2016 (13)