រដ្ឋមន្ត្រី​ក្រសួងបរិស្ថានចូលរួម​ផលិត​ទូក​ ង​ វែង​ជាង​គេ​លើ​ពិភពលោក​


ព្រឹក​ថ្ងៃ​ទី​១៩​ ខែ​ឧសភា​ ឆ្នាំ​២០១៨​ ឯកឧត្ដម​ សាយ សំអាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថានបាន​ចូលរួម​ផលិត​ទូក​ ង​ វែង​ជាង​គេ​លើ​ពិភពលោក​ នៅខេត្តព្រៃវែង។ គម្រោងនេះផ្តួចផ្តើមដោយសហភាពសហព័ន្ឋយុវជនកម្ពុជាខេត្តព្រៃវែង។ ឯកឧត្តម សាយ សំអាល់ បានកោតសរសើរយ៉ាងខ្លាំងចំពោះគំនិតច្នៃប្រឌិត និងស្នាដៃដ៏ល្អឯកមួយនេះ ។

គណៈកម្មការផលិតទូក-ង វែងជាងគេលើពិភពលោក ដើម្បីបំបែកឯកទគ្គកម្ម បានឲ្យដឹងថា ទូក-ង វែងជាងគេ លើពិភពលោក ដែលកំពុងដំណើរការផលិត មានលក្ខណៈពិសេសមួយចំនួន រួមមាន៖
ទី១៖ទូកនេះធ្វើប្រវែង៨៥ម៉ែត្រផ្ទុកចំណុះទូកសរុប១៧៩នាក់។
ទី២៖ ទូកនេះធ្វើអំពីឈើគគីរ ដែលធននឹងទឹក ក្នុងនោះត្រូវប្រើឈើពី៦ដើម ដើម្បីផលិត, ចំណែកច្រវាទូកវិញ ធ្វើអំពីឈើស្រឡៅ ដែលមានទម្ងន់ស្រាល។
ទី៣៖ ក្បាលទូក ឆ្លាក់ចេញជាក្បាលនាគ ឯកន្ទុយឆ្លាក់ជាកន្ទុយហង្ស ភ្ជាប់ដោយក្បាច់រចនាបុរាណរបស់ខ្មែរសុទ្ធសាត។
ទី៤៖ ចំពោះសមាសភាពចំណុះទូកវិញ យកមកពីទាហានជើងទឹក១០០នាក់ នគរបាលជើងទឹក៨០នាក់ បូករួមកម្លាំងយុវជន និងប្រជាពលរដ្ឋស្ម័គ្រចិត្តមួយចំនួនទៀត សម្រាប់ត្រៀមបម្រុងផ្លាស់ប្ដូរដៃគ្នា។

សូមបញ្ជាក់ថា យុវជនកម្ពុជាសាងសង់ទូកងវែងជាងគេនៅលើពិភពលោក ក្នុងគោលបំណង
* ប្រវត្តិដ៏យូរលង់ នៃការផលិត និងការប្រើប្រាស់ទូក របស់ខ្មែរតាំងពីសម័យបុរាណ ជាពិសេសរំលឹកឡើងវិញនូវស្នារព្រះហស្ថ របស់ព្រះមហាក្សត្រខ្មែរ គ្រប់ជំនាន់ក្នុងការប្រើប្រាស់ទូក ជាមធ្យោបាយមួយក្នុងការការពារទឹកដី។
* ជួយលើកតម្កើងកិត្យានុភាពជាតិ ដោយបង្ហាញពិភពលោកទាំងមូលឲ្យបានដឹងកាន់តែច្បាស់ថា កម្ពុជាអាចបង្កើតស្នាដៃដ៏អស្ចារ្យមួយ។
* ជំរុញស្មារតីស្នេហាជាតិ និងសាមគ្គីភាព នៃយុវជនជាកូនចៅជំនាន់ក្រោយ ក្នុងការថែរក្សា និងអភិរក្សកេរដំណែលពីដូនតា។
* ដើម្បីបង្ហាញឲ្យពិភពលោកឃើញថា ខ្មែរយើងខ្លាំងអាចផលិតបានអ្វី ដែលអស្ចារ្យជាងគេលើពិភពលោក។
* ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរយើង ចេះសាមគ្គីគ្នារួបរួមគ្នាជាធ្លុងមួយតាមរយៈការកសាងទូក-ង វែងជាងគេ ចាប់ផ្តើមតាំងពីឈើមួយដើម រហូតដល់ចេញជារូបរាងទូកឡើង ដោយការនាំគ្នាចាំងឈើបន្តិចម្តងៗ។
* ដើម្បីបណ្តុះឆន្ទៈកូនខ្មែរយើងឲ្យនាំគ្នាបង្កើតនូវអ្វីដែលអស្ចារ្យ សម្រាប់ខ្មែរលើឆាកអន្តរជាតិ ចៀសវាងការយកពេលវេលាមានតំលៃ ទៅប្រព្រឹត្តិអំបើអបាយមុខផ្សេងៗ៕