គណបក្សប្រជាជនកម្ពុជា ​ប្រកាសពីជោគជ័យ​ ក្នុងការរៀបចំវេទិការនយោបាយអាស៊ី-អឺរ៉ុបលើកទី២ នៅប្រទេសអង់គ្លេស


(ភ្នំពេញ) ៖គណបក្សប្រជាជនកម្ពុជា បានប្រកាសពីភាពជោគជ័យក្នុងការរៀបចំវេទិការនយោបាយអាស៊ី-អឺរ៉ុប លើកទី២ (2 Asia Europe Political Forum-AEPF) នៅទីក្រុងឡុង​ ប្រទេសអង់គ្លេស​ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨។ គណបក្សប្រជាជនកម្ពុជាតំណាងដោយលោកស្រី ឃួន សុដារី និងក្រុមអ្នកនយោបាយអភិរក្ស ​និង​កែទម្រង់អឺរ៉ុបតំណាងដោយ លោក ចេហ្រ្វី វ៉ាន់អូដុន(Geoffrey Van Orden) ជាសហប្រធានៅក្នុងវេទិកានេះ។ នេះបើយោងតា​មសេចក្តី​ប្រកាសរបស់គណបក្សប្រជាជនកម្ពុជា​ ដែលបានចេញផ្សាយនៅថ្ងៃទី២១​ ខែឧសភា ឆ្នាំ​២០១៨នេះ។ នៅក្នុងសេចក្តីប្រកាស​ បានបញ្ជាក់ថានៅក្នុង​វេទិការនោះដែរ​ គឺមានការចូលរួមដោយ​ប្រតិភូសំខាន់ៗចំនួនជិត១០០នាក់ មកពីគណបក្សនយោបាយអាស៊ី និងអឺរ៉ុបចំនួន២៥ មកពី២៣ប្រទេស ដែលវេទិការនេះពិភាក្សាលើប្រធានបទសំខាន់ៗ ទាក់ទងនឹងបម្រែបម្រួលអាកាសធាតុ ជំនួយមនុស្សធម៍ ការជួយសង្គ្រោះប្រជាជនក្នុង​គ្រោះមហន្តរាយ និង​ការតភ្ជាប់រវាងទ្វីបទាំងពីរ។ សេចក្តីថ្លែងការរួម​ បានទទួលស្គាល់ជាផ្លូវការនូវតួនាទីរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជ ជាប្រធានស្ថាបនិកកិត្តិយស នៃក្រុមប្រឹក្សាវប្បធម៍អាស៊ី(Asian Cultural Council-acc) ដែលជាស្ថាប័នមួយរបស់ICAPP៕