លោកគ្រូ អ្នកគ្រូ គឺជាសេដ្ឋីចិត្តបុណ្យនៃកេរ្ត៍ឈ្មោះដែលមានទ្រព្យសម្បត្តិមហាសាលនោះ គឺ ចំណេះដឹង សីលធម៌ គុណធម៌


នាររសៀលថ្ងៃសៅរ៍ ០៥កើត​ ខែជេស្ឋ​ ឆ្នាំច​ សំរឹទ្ធិស័ក​ ព.ស.២៥៦២​ ត្រូវនឹងថ្ងៃទី១៩ ខែឧសភា​ ឆ្នាំ២០១៨​ ឯកឧត្តម​ គួច​ ចំរើន​ អភិបាលខេត្តកំពង់ចាម​ បានអញ្ជើញចូលរួមសំណេះសំណាលជាមួយលោកគ្រូ​ អ្នកគ្រូក្នុង​ ស្រុក​ព្រៃ​ឈរ​ ក្រោមអធិបតីភាពឯកឧត្តម ហ៊ុន ម៉ាណែត នាយរងសេនាធិការចម្រុះ​ នៃកងយោធពលខេមរភូមិន្ទ​ និងជាមេបញ្ជាការរងកងទ័ពជើងគោក។

ក្នុងពិធីសំណេះសំណាលនេះឯកឧត្តម​ ហ៊ុន​ ម៉ាណែត​ បានលើកឡើងថា លោកគ្រូ អ្នកគ្រូគឺជាឪពុកម្តាយទី២​ ដែលចូលរួមបង្កើតចំណេះដឹង បទពិសោធន៍ កម្លាំងកាយចិត្ត សីលធម៌ គុណធម៌ដើម្បីឲ្យមនុស្សម្នាក់ពេញលក្ខណៈ។ លោកគ្រូ អ្នកគ្រូ គឺជាសេដ្ឋីចិត្តបុណ្យនៃកេរ្ត៍ឈ្មោះដែលមានទ្រព្យសម្បត្តិមហាសាលនោះគឺ ចំណេះដឹង សីលធម៌ គុណធម៌ ដែលទ្រព្យសម្បត្តិដ៏មានតម្លៃនេះលោកគ្រូ-អ្នកគ្រូចែករំលែកទៅដល់សិស្សរាប់រយ រាប់ពាន់​ រាប់លាននាក់​ ឲ្យក្លាយជាមនុស្សដែលមានចំណេះដឹង សីលធម៌ គុណធម៌ដែលទ្រព្យសម្បត្តិ មិនមាននរណាអាចលួចឆក់ប្លន់បានទេ ។ លោកគ្រូ អ្នកគ្រូ កសាងមនុស្សឲ្យ មានចំណេះដឹង សីលធម៌ គុណធម៌ ខុសពីការបង្កើតទូរស័ព្ទមួយគ្រឿង ម៉ូតូមួយគ្រឿង រថយន្តមួយគ្រឿង ឬ​ យន្តហោះមួយគ្រឿង ព្រោះថាទាំងអស់នេះអាចប្រើប្រាស់តែក្នុងកម្រិតមួយដែលគេបង្កើតទេ មិនអាចបង្កើតមនុស្សឲ្យចេះដឹងបន្ថែមបានទេ ប៉ុន្តែមនុស្សមានខួរក្បាល បទពិសោធន៍ និងទស្សនៈកាន់តែរីកចម្រើនបន្ថែម នេះហើយដែលទ្រព្យសម្បត្តិលោកគ្រូ-អ្នកគ្រូបង្កើតសេដ្ឋីចំណេះដឹង សីលធម៌ គុណធម៌បន្ថែមទៀត ។

ឯកឧត្តមក៏បានលើកឡើងទៀតថា ការកសាងប្រទេសមកដល់ម៉ោងនេះ យើងពិតជាមានមោទនភាពណាស់​ បើទោះបីប្រទេសយើងបានទទួលសុខសន្តិភាពក្រោយគេ ជាប្រទេសនៅក្នុងតំបន់ដែលពីមុនយើងធ្លាប់តែនាំមុខគេ ប៉ុន្តែដោយសារយើងជួបប្រទះនូវសង្គ្រាម នៅឆ្នាំ១៩៧០រហូតដល់ឆ្នាំ១៩៧៩ ធនធានមនុស្សបានបាត់បង់ភាគច្រើន​ ហើយការកសាងប្រទេសឡើងវិញពីបាតដៃទទេ យើងទទួលសុខសន្តិភាពនៅឆ្នាំ១៩៩៨ ដែលយើងមានឱកាសកសាងឡើងវិញក្នុងរយៈពេលតែជាង២០ឆ្នាំទេ ។ យើងខំប្រឹងរត់រហូតនាំមុខប្រទេសមួយចំនួន ហើយបានទទួល ចំណាត់ថ្នាក់លេខ៧ ក្នុងចំណោមប្រទេស១៧៤​ នៅលើពិភពលោកជាប្រទេសដែលមានសេដ្ឋកិច្ច​ រត់លឿនជាងគេហើយជាប់ចំណាត់ថ្នាក់លេខ៤នៅលើពិភពលោកជាប្រទេសកាត់បន្ថយភាពក្រីក្រលឿនជាងគេ ។ នេះគឺជាមោទនភាពរបស់យើង ដែលបច្ចុប្បន្ននេះកម្ពុជាប្លែកពីមុន យើងមានអាគារខ្ពស់ៗច្រើន ជីវភាព ធូធារជាងមុន ទេសចរណ៍រាប់លាននាក់ស្គាល់កម្ពុជាតាមរយៈការស្ទង់មតិទេសចរណ៍នៅលើពិភពលោក ដែលកម្ពុជាជាប់ចំណាត់ថ្នាក់លេខ១ជាកន្លែងល្អជាងគេនៅលើពិភពលោក។

ឯកឧ​ត្តម​ ហ៊ុន ម៉ាណែត បានបញ្ជាក់ថា​ សន្តិភាព ស្ថេរភាព និរន្តរភាពនៃការដឹកនាំនេះសំខាន់ណាស់។ អ្វីដែលយើងមានសព្វថ្ងៃនេះ គឺជាមោទនភាព ប៉ុន្តែអ្វីដែលសំខាន់ជាងនេះគឺបន្តនិរន្តរភាព រាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន គឺមានធនធានមនុស្សដែលមានបទពិសោធន៍គ្រប់គ្រាន់ ក្នុងការដឹកនាំប្រទេស ការថែរក្សាសុខសន្តិភាព ស្ថេរភាពនិងមានគោលនយោបាយច្បាស់លាស់ ។

ឯកឧត្តបានបន្តថា អនាគតសំខាន់ណាស់ទៅលើមេដឹកនាំដែលទទួលខុសត្រូវ មានចក្ខុវិសយ័វែងឆ្ងាយ មានក្រុមដែលមានសមត្ថភាពដែលធ្វើឲ្យមានលំនឹង គោលនយោបាយទៅមុខ ។ ប្រទេសយើងជាប្រទេសប្រជាធិបតេយ្យ ដើម្បីធានានូវនិរន្តភាពនេះគឺយើងត្រូវជ្រើសរើស រាជ រដ្ឋាភិបាលនិងមេដឹកនាំរាជរដ្ឋាភិបាលឲ្យបានច្បាស់លាស់ ។ ដូច្នេះសូមលោកគ្រូ អ្នកគ្រូ អញ្ជើញទៅបោះឆ្នោតទាំងអស់គ្នា ហើយសម្រេចជ្រើសរើសមេដឹកនាំដែលខ្លួនពេញចិត្ត គឺបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីជ្រើស យកសម្តេចតេជោ ហ៊ុន សែន ដឹកនាំប្រទេសឲ្យមានលំនឹងជាបន្តទៅទៀត ។

សូមបញ្ជាក់ថា វិស័យអប់រំនេះហើយបានធ្វើឲ្យប្រទេសមានការរីកចម្រើនមកដល់សព្វថ្ងៃនេះ រាជរដ្ឋាភិបាល យកចិត្តទុកដាក់ណាស់ទៅលើការងារនេះ។ ជាក់ស្តែងការចំណាយរបស់រាជរដ្ឋា ភិបាលខ្ពស់លើវិស័យអប់រំបើប្រៀបធៀបនឹងវិស័យផ្សេងៗ ដែល៨០%នៃថវិកាជាតិអនុម៍តដោយរដ្ឋសភា ផ្តោតសំខាន់និងយកចិត្តទុកដាក់លើជីវភាពរបស់លោកគ្រូ អ្នកគ្រូ តាមរយៈការតម្លើងប្រាក់បៀវត្សជូនលោកគ្រូ អ្នកគ្រូ ការបណ្តុះបណ្តាលសមត្ថភាព និង បង្កើនលទ្ធភាពលោកគ្រូ អ្នកគ្រូ ក្នុងការចែករំលែកចំណេះដឹងដល់សិស្សានុសិស្ស ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងវិស័យអប់រំ ។ នេះគឺជាការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលនិងជាមោទនភាពរបស់វិស័យអប់រំនៅកម្ពុជា ៕