អ្នកនាំពាក្យក្រសួងយុត្តិធម៌៖ ប្រជាពលរដ្ឋខ្មែរគ្រប់រូប មានសិទ្ធិបោះឆ្នោត មានកាតព្វកិច្ចរួមចំណែកកសាងប្រទេស និងការពារមាតុភូមិ


អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌​ ឯកឧត្តម គឹម សន្តិភាព បាន​លើកឡើង​នូវ​ខ្លឹម​សារដ៏​មាន​អត្ថន័យ បីឃ្លា សម្រាប់​ប្រជាពលរដ្ឋខ្មែរ ដកស្រង់​ចេញ​ពី​រដ្ឋធម្មនុញ្ញ​នៃព្រះរាជាណាចក្រកម្ពុជា ដែលជាច្បាប់កំពូលនៃកម្ពុជា ដែល​ថា៖

” ប្រជាពលរដ្ឋខ្មែរគ្រប់រូប ត្រូវគោរពរដ្ឋធម្មនុញ្ញ និងគោរពច្បាប់ ”
” ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ មានសិទ្ធិបោះឆ្នោត ”
” ប្រជាពលរដ្ឋខ្មែរគ្រប់រូប មានកាតព្វកិច្ចរួមចំណែកកសាងប្រទេស និងការពារមាតុភូមិ ”

នេះបើយោងលើការ​បង្ហោះផ្សាយ​នៅ​លើ​ទំព័រ Facebook ផ្ទាល់ខ្លួន​របស់​ឯកត្តម​ គឹម សន្តិភាព ដែល​មាន​ឈ្មោះថា «Kim Santepheap – គឹម សន្តិភាព» នាថ្ងៃទី២២ ខែឧសភា ឆ្នាំ​២០១៨នេះ។

ឯកឧត្តម គឹម សន្តិភាព បាន​ក៏​បានអំពាវនាវឱ្យ​បង​ប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ទៅចូលរួមបោះឆ្នោត នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខ​នេះ​ផងដែរ​ដើម្បីគោរពអនុវត្តតាមស្មារតីនៃរដ្ឋធម្មនុញ្ញ។

ការ​បង្ហោះផ្សាយនោះក៏​បាន​ភ្ជាប់​មក​នូវ​ច្បាប់​រដ្ឋធម្មនុញ្ញផងដែរ ត្រង់មាត្រា ៤៩ ប្រជាពលរដ្ឋខ្មែរ​គ្រប់រូប ត្រូវ​គោរពរដ្ឋធម្មនុញ្ញ និង​គោរពច្បាប់។ ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់រូប មាន​កាតព្វកិច្ច​រួមចំណែក​កសាងប្រទេសជាតិ និងការពារ​មាតុភូមិ។ កាតព្វកិច្ច​ការពារមាតុភូមិ ត្រូវ​អនុវត្ត​តាម​បញ្ញត្តិ​ច្បាប់ និង​មាត្រា ៣៤ ថ្មី ប្រជាពលរដ្ឋខ្មែរ​ទាំងពីរ​ភេទ មាន​សិទ្ធិ​បោះឆ្នោត និង​អាច​ឈឈ្មោះឱ្យ​គេ​បោះឆ្នោត។ ប្រជាពលរដ្ឋ​ខ្មែរ​ទាំងពីរភេទ ដែល​មាន​អាយុ​យ៉ាងតិច ១៨ឆ្នាំ មាន​សិទ្ធិ​បោះឆ្នោត។ ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​ពីរ​ភេទ ដែល​មាន​អាយុ​យ៉ាង​តិច ២៥ឆ្នាំ អាច​ឈរឈ្មោះ​ឱ្យ​គេ​បោះឆ្នោត​ជ្រើសតាំង​ជា​តំណាង​រាស្ត្រ​។ ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​ពីរ​ភេទ ដែល​មាន​អាយុ​យ៉ាង​តិច ៤០ឆ្នាំ អាច​ឈរ​ឈ្មោះ​ឱ្យ​គេ​បោះឆ្នោត​ជ្រើសតាំង​ជា​សមាជិក​ព្រឹទ្ធសភា។ បទប្បញ្ញត្តិ​បន្ថយសិទ្ធិ​បោះឆ្នោត និង​សិទ្ធិ​ឈរឈ្មោះ​ឱ្យ​គេ​បោះឆ្នោត​ ត្រូវ​ចែង​ក្នុង​ច្បាប់​បោះឆ្នោត៕