រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញ្ញាតឲ្យលោក Amaud DARC នាយកសភាពាណិជ្ជកម្មសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា ដឹកនាំគណៈប្រតិភូចូលជួបសម្តែងការគួរសម


នៅទីស្តីការក្រសួងនារសៀលថ្ងៃសុក្រ ១១កើត ខែជេស្ឋ សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា គ.ស ២០១៨ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញ្ញាតឲ្យលោក Amaud DARC នាយកសភាពាណិជ្ជកម្មសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា ដឹកនាំគណៈប្រតិភូចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារទាក់ទងទៅនិងប្រធានបទសំខាន់ៗដូចជា៖ ការកែច្នៃម្ហូបអាហារកសិកម្ម ការធ្វើកសិកម្មនិងធាតុចូល និងការដាំដុះដំណាំលើដីសម្បទានសេដ្ឋកិច្ច។
មានប្រសាសន៍នាឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តីបានជម្រាបជូនប្រតិភូដោយសង្ខេបអំពីការរីកចម្រើនវិស័យកសិកម្មជាអាទិ៍ផលិតកម្មដំណាំស្រូវ ដំឡូងមី និងស្វាយចន្ទី ដែលក្រសួងបានចាត់ទុកថាជាផលិតកម្មមានអាទិភាពក្នុងការនាំចេញ។ ទោះជាយ៉ាងណា ជារួមទិន្នផលនៃផលិតកម្មទាំងនោះនៅមានកម្រិត ធៀបទៅនឹងបណ្តាប្រទេសជិតខាង ដែលទាមទារត្រូវអនុវត្តនូវយន្តូបនីយកម្មកសិកម្ម ការកំណត់តំបន់ដាំដុះ ការប្រើប្រាស់ពូជ និងបច្ចេកវិទ្យាទំនើប ដើម្បីបង្កើនផលិតភាពផលិតកម្ម កាត់បន្ថយថ្លៃដើម និងកំលាំងពលកម្មសមស្របទៅនឹងកំណើនសេដ្ឋកិច្ចជាតិដែលមានការកើនឡើងគួរឲ្យកត់សម្គាល់។ បច្ចុប្បន្នចំពោះវិស័យកសិឧស្សាហកម្ម (ការកែច្នៃ) រាល់ផលិតកម្មទាំងអស់នោះគឺនៅមានកម្រិត ប៉ុន្តែរាជរដ្ឋាភិបាលបាននិងកំពុងកសាងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដើម្បីជួយគាំទ្រ និងធ្វើការទាក់ទាញដល់ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជនមកធ្វើការវិនិយោគ ដើម្បីបង្កើនតម្លៃបន្ថែម ឆ្លើយតមតាមស្តង់ដារ ធានាបានទាំងគុណភាព និងសុវត្ថិភាពនៃទីផ្សារនាំចេញ។
នាឱកាសនេះលោក Amaud DARC បានកោតសរសើរចំពោះការអភិវឌ្ឍលើគ្រប់វិស័យ ក្រោមការដឹកនាំរបស់រាជរដ្ឋា ភិបាល និងបានជម្រាបជូនឯកឧត្តមរដ្ឋមន្រ្តីពីគោលដៅរបស់សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជាគឺជាអ្នកសម្របសម្រួល ផ្សាភ្ជាប់ទំនាក់ទំនងនៃកិច្ចសហប្រតិបត្តិការលើការវិនិយោគ និងការធ្វើពាណិជ្ជកម្មរវាងវិស័យឯកជន និងរាជរដ្ឋាភិបាលកម្ពុជា និងសហភាពអឺរ៉ុប។ បច្ចុប្បន្ន តាមរយៈសភាពាណិជ្ជកម្មអឺរ៉ុបនេះមាន ៣៥០ ក្រុមហ៊ុនបានមកធ្វើការវិនិយោគលើគ្រប់វិស័យក្នុងព្រះរាជាណាចក្រកម្ពុជា និងមានគណៈកម្មការជំនាញពាក់ព័ន្ធចំនួន ១០ ដើម្បីសហការណ៍ បង្កើនបរិយាកាសក្នុងការធ្វើពាណិជ្ជកម្ម និងការវិនិយោគឲ្យកាន់តែល្អប្រសើរ នៅកម្ពុជា។ នាឱកាសនេះលោក Amaud DARC បានអញ្ជើញឯកឧត្តមរដ្ឋមន្រ្តីផ្តល់កិត្តិយសធ្វើជាគណៈធិបតីក្នុងវេទិការសាធារណៈនាពេលអនាគត ហើយតាមសំណើនេះ ឯកឧត្តមរដ្ឋមន្រ្តីបានឯកភាពចូលរួមតាមការអញ្ជើញ។
ឯកឧត្តមរដ្ឋមន្រ្តីបានជម្រាបជូនគណៈប្រតិភូថា តាមរយៈការខិតខំប្រឹងប្រែងរបស់សភាពាណិជ្ជកម្មអឺរ៉ុបបានធ្វើឲ្យ ចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងសហភាពអឺរ៉ុប និងកម្ពុជាកាន់តែរឹងមាំនិងល្អប្រសើរថែមទៀត ជាពិសេសការធ្វើពាណិជ្ជកម្ម និងការវិនិយោគលើវិស័យកសិកម្មនាពេលអនាគត។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គាំទ្រ និងផ្តល់កិច្ចសហប្រតិបត្តិការឲ្យអស់លទ្ធភាព។