ប្រជាពលរដ្ឋចំនួន៦ភូមិ សរុប ១,១៣១នាក់ ក្នុងសង្កាត់ទួលល្វា ខេត្តប៉ៃលិន ប្តេជ្ញាបន្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីថែរក្សាការពារ សុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍ ដែលកម្ពុជារកបានយ៉ាងលំបាក


នៅរសៀល ថ្ងៃអាទិត្យ ១៣កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៨ លោកជំទាវ បាន ស្រីមុំ អ្នកតំណាងរាស្រ្តមណ្ឌលប៉ៃលិន រួមទាំងក្រុមការងារចុះពង្រឹងមូលដ្ឋានឃុំ សង្កាត់ បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខប្រជាពលរដ្ឋដែលអញ្ជើញមកពី៦ភូមិ សរុបចំនួន ១,១៣១នាក់ ក្នុងសង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

ថ្លែងក្នុងឱកាសនោះលោកជំទាវ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបងប្អូនប្រជាពលរដ្ឋទូទាំងខេត្តប៉ៃលិន ដែលបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា កាលពីឆ្នាំ២០១៣ គឺបានជ្រើសរើសលោកជំទាវ ជាអ្នកតំណាងរាស្រ្តក្នុងអាណត្តិទី៥នេះ ដោយអនុវត្តតាមគោលនយោបាយ និងផែនការយុទ្ធសាស្រ្តរបស់គណបក្សប្រជាជនកម្ពុជា បានធ្វើការអភិវឌ្ឍភូមិ ឃុំ សង្កាត់ ក៏ដូចជាខេត្តទាំងមូល មានការ រីកចម្រើនគួរឲ្យកត់សំគាល់ ទាំងហេដ្ឋារច្ចនាសម្ព័ន្ធស្ពាន ផ្លូវថ្លល់ សាលារៀន ប្រព័ន្ធធារាសាស្រ្តខ្វាត់ខ្វែង ពង្រឹងពង្រីកបានជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋកាន់តែធូរធារឡើង ដែលផ្ទុយស្រលះពីអតីតកាល ដែលខេត្តប៉ៃលិនទាំងមូល ជាតំបន់សមរភូមិប្រយុទ្ធ មិនមានអ្វីទាល់តែសោះ។

លោកជំទាវ បានបន្តអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងខេត្តប៉ៃលិន អញ្ជើញទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦ នៅថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ខាងមុខ ឲ្យបានគ្រប់ៗគ្នា បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តកសាងសង្គមជាតិ និងការពារបានសុខសន្តិភាព ស្ថិរភាព និងសេចក្តីសុខសាន្តរបស់ប្រជាជនយើង។

ក្នុងឱកាសនោះដែរបងប្អូនប្រជាពលរដ្ឋដែលបានចូលរួមក្នុងកម្មវិធីទាំងអស់ បានប្តេជ្ញាព្រមៗគ្នា នឹងទៅចូលរួមបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត ក្នុងខែកក្កដា ខាងមុខគ្រប់ៗគ្នា បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តថែរក្សាការពារ សុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍ ដែលបងប្អូន រកបានយ៉ាងលំបាក ផងដែរ។