ផ្លូវបេតុងប្រវែង៥៥៣ម៉ែត្រ នៅស្រុកកំពង់លែង សំរេចអនុវត្តបាន៤០ភាគរយហើយ


កំពង់ឆ្នាំងៈ ផ្លូវបេតុង១ខ្សែមានប្រវែង៥៥៣ម៉ែត្រ ចេញពីផ្សារកំពង់ដរមាត់ទន្លេ មកដល់មុខវត្តពោធិអណ្តែត ក្នុងឃុំកំពង់ហៅ ស្រុកកំពង់លែង ក្រុមបច្ចេកទេសនៃមន្ទីរសាធារណៈការខេត្តកំពង់ឆ្នាំង កំពុងតែកសាងតាមគំរោងរបស់អាជ្ញាធរខេត្ត គឺត្រូវធ្វើអោយហើយនៅក្នុងបំណាច់ ខែមិថុនា ឆ្នាំ២០១៨ខាងមុខនេះ ដើម្បីដាក់សម្ភោធអោយប្រជាពលរដ្ឋប្រើប្រាស់ជាផ្លូវការ ។

លោកកែវ ពៅប្រធានមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តកំពង់ឆ្នាំងបានអោយដឹងថាៈ ដោយមានការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ចំពោះប្រជាពលរដ្ឋនៅក្នុងស្រុកកំពង់លែង ផ្លូវបេតុង១ខ្សែមានប្រវែង៥៥៣ម៉ែត្រ មានទទឹង៦ម៉ែត្រ កំរាស់២តឹកកន្លះ និងមានស្ពាន១កន្លែង ចេញពីកំពង់ផែផ្សារកំពង់ហៅ ដល់មុខវត្តពោធិអណ្តែត ក្នុងឃុំកំពង់ហៅ បាននិងកំពង់កសាងប្រមាណ៤០ភាគរយហើយ បើតាមទិសដៅគឺត្រូវកសាងអោយហើយនៅក្នុងបំណាច់ ខែមិថុនា ខាងមុខនេះ។លោកបានអោយដឹងទៀតថា៖ ផ្លូវបេតុងនេះជាកញ្ចប់ថវិកាជាតិ ដែលកសាងឡើងដោយមន្ទីរសាធារណៈការខេត្តកំពង់ឆ្នាំង ។

ប្រជាលរដ្ឋនៅក្នុងឃុំកំពង់ហៅ ស្រុកកំពង់លែង បានលើកឡើងថាប្រជាលរដ្ឋនៅក្នុងស្រុកកំពង់លែង ពិតជាមានទឹកចិត្តសប្បាយរីករាយណាស់ ក្នុងពេលឃើញដែលរាជរដ្ឋាភិបាលបានកសាងផ្លូវនេះ ដើម្បីជួយសំរួលដល់ការ ធ្វើដំណើរ របស់ប្រជាពលរដ្ឋ។ ប្រជាពលរដ្ឋ ក៏សូមថ្លែងអំណរគុណផងដែរ ដល់សម្តេចតេជោហ៊ុន សែនប្រមុខរាជរដ្ឋាភិបាលដែលតែងគិតគូរអំពីសុខទុក និងជួយដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋជានិច្ច ។ហើយពួកគាត់បានប្តេជ្ញា ទៅចូលរួមការបោះឆ្នោតនៅថ្ងៃខាងមុខនេះអោយបានទាំងអស់គ្នា ដើម្បីជ្រើសរើសថ្នាក់ដឹកនាំដ៏ល្អដែលមានការអភិវឌ្ឍន៍ និងធ្វើអោយប្រទេសជាតិ មានសុខសន្តិភាពដូចសព្វថ្ងៃ ជាអ្នកដឹកនាំប្រទេសជាតិជាបន្តទៀត ៕