ឯកឧត្តម ប្រាក់ សុខុន បានអនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតម៉ិកស៊ិកជួបសម្តែងការ គួរសមនិងពិភាក្សាការងារ


កាលពីថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៦ ឯកឧត្តម ប្រាក់ សុខុន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអនុញ្ញាតឱ្យលោកជំទាវ Sara Valdes Bolano ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពរបស់ប្រទេសម៉ិកស៊ិក ប្រចាំនៅព្រះរាជាណាចក្រ កម្ពុជា ដែលមាន និវេសនដ្ឋាននៅទីក្រុងហាណូយ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅទីស្តីការ ក្រសួង។
ឯកឧត្តមទេសរដ្ឋមន្រ្តី បានសម្តែងនូវការស្វាគមន៍ចំពោះទស្សនកិច្ចមកកាន់កម្ពុជារបស់លោកជំទាវ Sara Valdes Bolano ដោយបានសម្តែង នូវក្ដីសង្ឃឹមថា លោកជំទាវនឹងរួមវិភាគទានដ៏សកម្មក្នុងការពង្រឹង និង ពង្រីកទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ។
ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានរម្លឹកឡើងវិញអំពីទស្សនកិច្ចរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដើម្បីចូលរួមកិច្ចប្រជុំរបស់ក្រុមប្រទេស G20 នៅប្រទេសម៉ិកស៊ិក នៅឆ្នាំ២០១២ និងរបស់សម្ដេចអគ្គមហា ពញា ចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជាចូលរួមវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក នៅប្រទេសម៉ិកស៊ិក ក្នុងឆ្នាំ២០១៤ ដែលទស្សនកិច្ចទាំងនោះ បានរួមចំណែកពង្រឹង និងពង្រីកទំនាក់ទំនងទ្វេភាគី។
ឯកឧត្តមទេសរដ្ឋមន្រ្តី បានសម្តែងការអបអរសាទរចំពោះការតាំងពីព័រណ៍វប្បធម៌របស់ម៉ិកស៊ិក នៅទីក្រុងភ្នំពេញ ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៦។
លោកជំទាវ Sara Valdes Bolano បានប្រគល់ជូនឯកឧត្តមទេសរដ្ឋមន្រ្តីនូវសារលិខិតរបស់លោកជំទាវ   Claudia Ruiz Massieu រដ្ឋមន្រ្តីការបរទេស ម៉ិកស៊ិក ផ្ញើជូនឯកឧត្តមទេសរដ្ឋមន្រ្តី សម្តែងនូវការអបអរសាទរ យ៉ាងកក់ក្ដៅចំពោះការតែងតាំងឯកឧត្តមទេសរដ្ឋមន្រ្តី ជារដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
លោកជំទាវរដ្ឋមន្រ្តីក្រសួងការបរទេស ក៏បានបញ្ជាក់អំពីបំណងប្រាថ្នា របស់រដ្ឋាភិបាលប្រទេសម៉ិកស៊ិក ក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងជាមួយ ប្រទេសកម្ពុជា។
ក្នុងគោលដៅពង្រឹងទំនាក់ទំនងទ្វេភាគី លោកជំទាវឯកអគ្គរដ្ឋទូត បានលើកឡើងពីបំណងរបស់រដ្ឋាភិបាល ប្រទេសម៉ិកស៊ិក៖ ទី១- បើកស្ថាន កុងស៊ុលកិត្តិយសមួយរបស់ប្រទេសម៉ិកស៊ិកនៅទីក្រុងភ្នំពេញ, ទី២-ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរ ស្តីអំពីការលើកលែង ទិដ្ឋាការសម្រាប់អ្នកកាន់លិខិតឆ្លងដែនការទូតនិងផ្លូវការ, ទី៣-ចង់ឱ្យមានកិច្ចសហប្រតិបត្តិការផ្នែកវប្បធម៌ រវាងវិទ្យាស្ថាននរវិទ្យា និងប្រវត្តិសាស្រ្ត(Institute of Anthropology and History) របស់ម៉ិកស៊ិក ជាមួយនឹងអាជ្ញាធរអប្សរារបស់កម្ពុជា (ភាគីម៉ិកស៊ិក នឹងមកទស្សនកិច្ចកម្ពុជាក្នុងខែវិច្ឆិកាខាងមុខ)។
នៅក្នុងឱកាសនោះ លោកជំទាវឯកអគ្គរដ្ឋទូត ក៏បានជម្រាបជូនឯកឧត្តមទេសរដ្ឋមន្រ្តី អំពីការស្វាគមន៍របស់ រដ្ឋាភិបាលប្រទេសម៉ិកស៊ិក ចំពោះការឆ្លើយយល់ព្រមរបស់ក្រសួងបរិស្ថានកម្ពុជាទទួលយក ការអញ្ជើញ របស់រដ្ឋាភិបាលប្រទេសម៉ិកស៊ិក ចូលរួមកិច្ចប្រជុំលើកទី១៣របស់សន្និសីទប្រទេសសមាជិក នៃអនុសញ្ញា ស្ដីអំពីជីវៈចម្រុះដែលនឹងប្រព្រឹត្តិទៅនៅប្រទេសម៉ិកស៊ិក ក្នុងខែធ្នូ ឆ្នាំ២០១៦ ខាងមុខ។
ឯកឧត្តមទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះសារលិខិតអបអរសាទររបស់រដ្ឋមន្រ្តីការបរទេសប្រទេស ម៉ិកស៊ិក និងបានជម្រាបជូនថា កម្ពុជានឹងធ្វើការពិនិត្យដោយយកចិត្តទុកដាក់ចំពោះ សំណើរបស់រដ្ឋាភិបាល ប្រទេសម៉ិកស៊ិក ចង់បើកនូវស្ថានកុងស៊ុលកិត្តិយសនៅទីក្រុងភ្នំពេញ និងសំណើឱ្យមានការចុះហត្ថលេខា លើកិច្ចព្រមព្រៀងស្តីពីការលើកលែងទិដ្ឋាការសម្រាប់អ្នកកាន់លិខិតការទូតនិងផ្លូវការ រវាងប្រទេសទាំងពីរ។
ឯកឧត្តមទេសរដ្ឋមន្រ្តី និងលោកជំទាវឯកអគ្គរដ្ឋទូត ក៏បានពិភាក្សាអំពីការជំរុញឱ្យមានការចុះហត្ថលេខា ឱ្យបានឆាប់នូវកិច្ចព្រមព្រៀង ស្ដីពីសហប្រតិបត្តិការលើវិស័យកសិកម្មរវាងប្រទេសទាំងពីរ៕

Prak Sokhun 7-7-2016 (1)

Prak Sokhun 7-7-2016 (2)