ខេត្តរតគិរីឈ្នះមេដាយសំរឹទ្ធជាលើកដំបូងលើប្រភេទកីឡាប៉េតង់ នៃកីឡាជាតិលើកទី២


ខេត្តរតនគិរី ដែលស្ថិតនៅលំដាប់បាតតារាងមេដាយ ជាមួយ៣ខេត្តផ្សេងទៀត គឺមណ្ឌលគិរី ប៉ៃលិន និងក្រចេះ ក្នុងចំណោម២៨ក្រសួង-រាជធានី-ខេត្ត បានយកឈ្នះ មេដាយសំរឹទ្ធជាលើកដំបូងរបស់ខ្លួន លើប្រភេទកីឡាប៉េតង់នៃការប្រកួតកីឡាជាតិលើកទី២ ដែលកីឡាប៉េតង់នេះបានបញ្ចប់ដោយជោគជ័យ កាលពីព្រឹកថ្ងៃពុធ ទី៣០ ខែឧសភា ឆ្នាំ២០១៨ នៅពហុកីឡដ្ឋានជាតិ។

លោក លើ វ៉ាន់ព្រហស្បតិ៍ គណៈប្រតិភូកីឡាខេត្តរតនគិរីថ្លែងក្រោយបញ្ចប់ការប្រកួតកីឡា ប៉េតង់ថា ការឈ្នះមេដាយសំរឹទ្ធលើកីឡាប៉េតង់នេះ គឺជាលើកដំបូង បន្ទាប់ពីការប្រកួតកីឡា នានានៃកីឡាជាតិនេះបានដំណើរអស់រយៈពេល៦ថ្ងៃកន្លងមកហើយ។

ការឈ្នះមេដាយសំរឹទ្ធនេះ គឺឈ្នះលើវិញ្ញាសានារី ជាក្រុមទទួលបានមេដាយសំរឹទ្ធ។ លោកបានអះអាងថា សម្រាប់កីឡាជាតិលើកទី២នេះ ខេត្តរតនគិរីបានបញ្ជូនកីឡាករ កីឡា ការិនីរបស់ខ្លួនចំនួន១២០នាក់ លើ២៥ប្រភេទកីឡា ដោយចំនួននេះបានកើនឡើងច្រើនជិត ២ដង កាលពីកីឡាជាតិលើកទី១ ឆ្នាំ២០១៦កន្លងទៅ ហើយជាលទ្ធផលកីឡាជាតិលើកទី១ ខេត្តរតនគិរីមិនទទួលបានមេដាយឡើយ។

ទោះយ៉ាងណាក្តី ក្នុងនាមលោកជាប្រតិភូដឹកនាំខេត្តរតនគិរីបានសម្តែងនូវក្តីរីករាយយ៉ាងខ្លាំង ដោយសារតែខេត្តរបស់លោកខ្វះខាតធនធានកីឡាករ-កីឡាការិនីប្រកបដោយគុណភាព មិនដូចបណ្តាខេត្តនានា។

សូមបញ្ជាក់ថា លទ្ធផលផ្លូវការលើប្រភេទកីឡាប៉េតង់នៃកីឡាជាតិលើកទី២នេះ គឺក្រសួង មហាផ្ទៃ ក្រសួងការពារជាតិ ឈ្នះមេដាយមាស៣ និងប្រាក់៣ដូចៗគ្នា ហើយខេត្តព្រៃវែង និង ខេត្តកណ្តាលឈ្នះមេដាយ មាស២គ្រឿង និងមេដាយប្រាក់ និងសំរឹទ្ធមួយចំនួនទៀត៕