មន្ទីរធនធានទឹក និងឧតុនិយមខេត្តស្វាយរៀង បានចុះពិនិត្យការវាស់វែង និងជីកប្រឡាយជើងក្អែប


នៅថ្ងៃពុធ ១រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី ៣០ ខែឧសភា ឆ្នាំ ២០១៨ ក្រុមការងារប្រឡាយជើងក្អែបនៃមន្ទីរធនធានទឹក និងឧតុនិយមខេត្តស្វាយរៀង បានចុះពិនិត្យការវាស់វែង និងជីកប្រឡាយជើងក្អែបនាំទឹកចូលស្រែកសិករ នៅប្រព័ន្ធធារាសាស្រ្ត កំពង់ជ្រៃ ស្ថិតក្នុងឃុំស្វាយធំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ក្រោមគម្រោងសាច់ប្រាក់ពលកម្មសម្រាប់អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទ និងការគាំទ្រកសិករ ។

សូមជម្រាបជូនថា ចាប់ពីឆ្នាំ ២០១៨ នេះតទៅ រាជរដ្ឋាភិបាល បានសម្រេចជាគោលការណ៍ ឱ្យក្រសួងធនធានទឹក និងឧតុុនិយម សាងសង់បន្ថែមនូវប្រឡាយជើងក្អែប (ប្រឡាយបង្ហូរទឹកតូចៗ) ដើម្បីនាំទឹកពីប្រឡាយមេ ឬប្រឡាយរងនានា ឱ្យចូលដល់ស្រែប្រជាកសិករតែម្តង ។ ការសាងសង់នេះ គឺត្រូវអនុវត្តដោយពលកម្មរបស់ប្រជាកសិករផ្ទាល់ ។ ការអនុវត្តការងាររបៀបនេះ គឺរាជរដ្ឋាភិបាល មានបំណងឱ្យបងប្អូនប្រជាកសិករ បានទទួលទាំងទឹកចូលដល់ស្រែផង និងបានទទួលទាំងថវិកាតាមរយៈការបញ្ចេញកម្លាំងពលកម្ម ចូលរួមក្នុងការជីកប្រឡាយជើងក្អែបនេះផង ។