ពិធីបើកបវេសនកាលពុទិ្ធកសិក្សាគ្រប់ភូមិ​សិក្សា​ទូទាំង ខេត្តកំពង់ឆ្នាំង ឆ្នាំសិក្សា​២០១៨- ២០១៩


កំពង់ឆ្នាំង៖ឆ្នាំសិក្សាឆ្នាំ២០១៨-២០១៩ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨ លោក​ ហាក់ ប៊ុនធឿនអនុរដ្ឋលេខាធិការក្រសួងធម្មការនិងសាសនា និងលោក​ ឈួរ ច័ន្ទឌឿន
អភិបាលខេត្តកំពង់ឆ្នាំង បានអញ្ជើញជាអធិបតីក្នុងពិធីបើកបវេសនកាលពុទ្ធិកសិក្សាគ្រប់ភូមិ​សិក្សា​ទូទាំងខេត្តកំពង់ឆ្នាំង។

មាន​ព្រះវត្តមាន និង​វត្ត​មាន​ក្នុង​ពិធីនោះរួម​មាន ព្រះធម្មឃោចារ្យ យីសុវណ្ណរតនា ព្រះសាកលវិទ្យា​រង​ពុទ្ធិក​សាកល​វិទ្យាល័យ​ព្រះសីហនុរាជ​ ព្រះសិរិវិសុទ្ធហ៊ូ ឈីវនាថ ព្រះសិរីធម្មញ្ញាណ សុខ ថាន ព្រះរាជាគណៈថ្នាក់កិត្តិយស ​ព្រះមេគណខេត្ត និង​ជា​ប្រធាន​សាខាពុទ្ធិក​សាកលវិទ្យាល័យ​ព្រះសីហនុរាជខេត្ត​កំពង់​ឆ្នាំង ព្រមទាំង​លោក លោក​ស្រីប្រធានមន្ទីរអង្គភាពជុំវិញខេត្ត លោកគ្រូអ្នកគ្រូ សមណសិស្ស សមណនិស្សិត និង​និស្សិត​សរុបចំនួន៧៩០អង្គ/នាក់។

ក្នុងឱកាសនោះផងដែរ លោក​ ឈួរ ច័ន្ទឌឿន អភិបាលខេត្តបានមានប្រសាសន៍ថា​ ការប្រារព្ធពិធី​បើកបវេសនកាលពុទ្ធិក​សោក្សា​នេះ ធ្វើឡើង​ក្នុងបុព្វហេតុ លើក​តម្កើងវប្បធម៌ស្រឡាញ់ការសិក្សារៀនសូត្រ ការរំលឹកដាស់កូនខ្មែរគ្រប់រូបដែលជាទំពាំង ស្នងឫស្សីដើម្បីបន្តវេនអភិវឌ្ឍន៍ប្រទេសជាតិ ការ​ខិតខំរៀនសូត្រសំរាប់ចិញ្ចឹមជីវិតនិងអនាគតផ្ទាល់ខ្លួន អោយបានប្រកបទៅដោយភាពថ្លៃថ្នូរ ជាពិសេសអោយបានយល់ច្បាស់ថាចំណេះវិជ្ជាគឺជាទ្រព្យដ៏មានតម្លៃ ក្នុង​ការ​ចូលរួមចំណែកលើកតម្កើងកិត្យានុភាពជាតិអោយកាន់តែខ្ពស់ត្រដែត និងចម្រើនរុងរឿងប្រកប​ដោយសុខដុមរម្យនាទៅអនាគត។

នាឱកាសនោះ​ លោក​ ហាក់ ប៊ុនធឿន ក៏បានមានប្រសាសន៍ផ្តាំផ្ញើ ដល់សមណសិស្ស សមណនិស្សិត និសិត្សទាំងអស់អោយខិតខំរៀនសូត្រស្តាប់បង្គាប់មាតាបិតា លោកគ្រូអ្នកគ្រូ និង ជាពិសេសត្រូវ​ចៀស​វាងនៅអោយឆ្ងាយពីគ្រឿងញៀននិងអំពើអបាយមុខផ្សេងៗដែលខុសច្បាប់ និង សង្គមស្អប់ខ្ពើម និង ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍អោយបានគ្រប់ៗគ្នា។

ទន្ទឹម​នឹង​នោះ​ ក្នុងកម្មវិធីក៏មានប្រគេនប្រកាសនីយបត្រមន្រ្តីសង្ឃខេត្តនិងប័ណ្ណ​សរសើរជូនសាស្រ្តាចារ្យ សមណនិសិត្សដែលមានស្នាដៃល្អនិងរៀនពូកែផងដែរ៕

នៅចុងបញ្ចប់​ លោក ប៊ុនធឿន បានឧបត្ថម្ភថវិកា២០០ដុល្លា
លោក​អភិបាលខេត្ត បានឧបត្ថម្ភថវិកា២លានរៀល ព្រះតេជព្រះគុណហ៊ូ ឈីវនាថ​ ឧបត្ថម្ភថវិកា២លានរៀល ព្រះតេជព្រះគុណឃី សុវណ្ណរតនា​ ឧបត្ថម្ភកុំព្យុទ័រ២គ្រឿង សៀវភៅ៣៤០ក្បាលនិងប៊ិច៣ប្រអប់ព្រមទាំងមានការឧបត្ថម្ភពីអង្គភាពថវិកាពីអង្គភាពជុំវិញខេត្តដល់សាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជខេត្តកំពង់ឆ្នាំងផងដែរ៕