មន្ទីរសុខាភិបាលត្រៀមចែកចាយថ្នាំអាបេ ១០តោន ទប់ស្កាត់ការកើនឡើងមូសខ្លា


     មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានត្រៀមថ្នាំបង្ការប្រភេទអាបេ ចំនួន ១០តោន សម្រាប់ចែកជូនប្រជាពលរដ្ឋ ក្នុងការទប់ស្កាត់នៃការកើនឡើងចំនួនមូសខ្លា ។

     ជម្ងឺគ្រុនឈាម គឺជាជម្ងឺគួរឱ្យបារម្ភសម្រាប់ក្មេងៗ ជាពិសេសនៅរដូវភ្លៀង ។ ជម្ងឺនេះ បង្កឡើងដោយភ្នាក់ងារចម្លងមូសខ្លា ហើយថ្នាំអាបេ ជាប្រភេទថ្នាំដាក់ចូលក្នុងទឹកសម្រាប់កំចាត់ពងមូស មុនពេលវាញាស់ ។ ប្រធានកម្មវិធីជម្ងឺគ្រុនចាញ់ គ្រុនឈាម នៃមន្ទីរសុខាភិបាលរាជធានីភ្នំពេញ លោកវេជ្ជបណ្ឌិត តាំង ប៊ុនឃឹម នៅល្ងាចថ្ងៃទី៦ ខែកក្កដា នេះ បានដឹកនាំមន្ត្រីសុខាភិបាលរាជធានី ចុះបាញ់ថ្នាំសម្លាប់មូសនៅក្នុងមូលដ្ឋានសង្កាត់បឹងទំពុន ខណ្ឌមានជ័យ ។ លោកបានឱ្យដឹងថា នៅដើមរដូវវស្សានេះ ស្ថានភាពជម្ងឺគ្រុនឈាមក្នុងរាជធានីភ្នំពេញ មានការកើនឡើងគួរឱ្យបារម្ភ ដូច្នេះហើយមន្ទីរសុខាភិបាលរាជធានីបានរៀបចំថ្នាំអាបេ ដែលទទួលបានពីមជ្ឈមណ្ឌលជាតិជម្ងឺគ្រុនចាញ់ប៉ារ៉ាស៊ីតសាស្ត្រ បាណកសាស្ត្រ បានចំនួន ១០តោន ដើម្បីត្រៀមក្នុងតំបន់មួយចំនួនដែលអាចកើតមានជម្ងឺគ្រុនឈាម ។

     លោកវេជ្ជបណ្ឌិត តាំង ប៊ុនឃឹម បានបញ្ជាក់ថា ការចុះបាញ់ថ្នាំនេះ គឺធ្វើឡើងជាប្រចាំ និងគ្រប់តំបន់ក្នុងរាជធានីភ្នំពេញ ប៉ុន្តែអ្វីដែលសំខាន់ លោកបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ចូលរួមកំចាត់ជម្ងឺគ្រុនឈាមទាំងអស់គ្នា ។ ហើយដើម្បីទប់ស្កាត់ជម្ងឺនេះ មន្ទីរសុខាភិបាលបានរៀបចំថ្នាំរួចជាស្រេច និងប្រព័ន្ធឃោសនា ប្រព័ន្ធផ្សព្វផ្សាយនានា ដើម្បីបញ្ជ្រាបឱ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋ ។ សូមចូលរួមទាំងអស់គ្នា ទាំងស្ថាប័នរដ្ឋ និងឯកជន ព្រោះកម្មវិធីកំចាត់ជម្ងឺគ្រុនឈាម មិនមែនតែផ្នែកមួយរបស់ក្រសួងសុខាភិបាលទេ គឺគ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់ ទាំងសង្គមស៊ីវិល ជាពិសេសអាជ្ញាធរមូលដ្ឋាន អ្នកស្ម័គ្រចិត្ត សហគមន៍ គឺរួមគ្នាធ្វើដើម្បីជាប្រយោជន៍រួម ។

AB 08 07 16 2 copy