ប៉មចម្រោះទឹកស្អាតក្នុងបរិវេណអនុវិទ្យាល័យ ព្រែកជ្រៃ ស្រុកកោះធំ ត្រូវបានតម្លើង និងដាក់អោយសិស្សានុសិស្សប្រើប្រាស់ហើយ


នាព្រឹកថ្ងៃព្រហស្បតិ៍ ៤រោច ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣១ ខែឧសភា ឆ្នាំ ២០១៨ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ប៉មចម្រោះទឹកស្អាតថ្មីមួយកន្លែងថ្មីទៀតស្ថិតក្នុងបរិវេណអនុវិទ្យាល័យព្រែកជ្រៃ ស្រុកកោះធំ ខេត្តកណ្តាល ដោយមានការចូលរួមលោក David Wigglesworthនាយកប្រតិបត្តិក្រុមហ៊ុនភេសជ្ជៈកម្ពុជា កូកា-កូឡា មន្ត្រីរាជការ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

សូមជម្រាបជូនថា៖ នេះជាប៉មចម្រោះទឹកស្អាតទី៥ហើយ ដែលត្រូវបានដំឡើងដោយក្រុមហ៊ុនកូកា-កូឡា នៅក្នុងឆ្នាំ២០១៨នេះ អាចផ្តល់ទឹកស្អាតសម្រាប់ទទួលទានដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ ប្រមាណជាង៣០០នាក់ និងប្រជាសហគមន៏ប្រមាណជាង១៧០០នាក់ ដែលរស់នៅក្នុងសហគមន៍ក្បែរ នោះផងដែរ និងជាចំនួនប៉មបន្ថែមលើប៉មចម្រោះទឹកស្អាតចំនួន៧ផ្សេងទៀត ដែលក្រុមហ៊ុនបានដំឡើងនៅទូទាំងប្រទេសកម្ពុជាកាលពីឆ្នាំ២០១៧ ក្រោមកិច្ចសហការជាមួយអង្គការ Planet Water។

លើសពីនេះទៀត ប៉មចម្រោះទឹកស្អាតចំនួន៧ ដែលក្រុមហ៊ុនបានដំឡើងនៅកម្ពុជាកាលពីឆ្នាំ២០១៧ កន្លងទៅ បានផ្តល់ទឹកស្អាតចំនួន៤ ៦៨៧ ០០០ លីត្រ សម្រាប់ប្រជាសហគមន៍ចំនួនប្រមាណជាង២០ ០០០នាក់ តួលេខនេះត្រូវបានរំពឹងថា៖ នឹងកើនឡើងទ្វេដងក្នុងឆ្នាំនេះ តាមរយៈការដំឡើងប៉មចម្រោះទឹកស្អាតចំនួន៨បន្ថែមទៀតក្នុងឆ្នាំ២០១៨នេះ។