ឯកឧត្តម អង្ស វង្ស វឌ្ឍានា និង ឯកឧត្តម ប៉ាន សូរស័ក្តិ បានសហការដឹកនាំកិច្ចប្រជុំលើកទីមួយ នៃក្រុមការងាររៀបចំការធ្វើវិសោធនកម្មច្បាប់ស្តីពីលក្ខន្តិកៈមេធាវី


នាព្រឹកថ្ងៃចន្ទ ៦រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងយុត្តិធម៌ ឯកឧត្តម អង្ស វង្ស វឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងាររៀបចំការធ្វើវិសោធនកម្មច្បាប់ស្តីពីលក្ខន្តិកៈមេធាវី និង ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានសហការដឹកនាំកិច្ចប្រជុំលើកទីមួយ នៃក្រុមការងាររៀបចំការធ្វើវិសោធនកម្មច្បាប់ស្តីពីលក្ខន្តិកៈមេធាវី ដែលត្រូវបានបង្កើតឡើងតាមរយៈសេចក្តីសម្រេច លេខ ១៦ សសរ ចុះថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៨ របស់រាជរដ្ឋាភិបាល។ អនុលោមតាមប្រការ ៣ នៃសេចក្តីសម្រេចនេះ កិច្ចប្រជុំបានសម្រេចឱ្យមានការង្កើតនូវក្រុមលេខាធិការ ដែលមានការចូលរួមពីមន្រ្តីជំនាញនៃស្ថាប័នពាក់ព័ន្ធរួមមានក្រសួងយុត្តិធម៌ ក្រសួងពាណិជ្ជកម្ម ក្រុមប្រឹក្សាអ្នកច្បាប់នៃទីស្តីការគណៈរដ្ឋមន្រ្តី និងក្រុមប្រឹក្សាគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ជាជំនួយឱ្យក្រុមការងារក្នុងការសិក្សាស្រាវជ្រាវអំពីច្បាប់ស្តីពីលក្ខន្តិកៈមេធាវី និងបទដ្ឋានគតិយុត្តជាតិ និងអន្តរជាតិ ដែលពាក់ព័ន្ធផ្សេងៗ ជាពិសេសនវានុវត្តន៍ក្នុងការអនុវត្តជាអន្តរជាតិ ដើម្បីលើកជាជម្រើសនានាសម្រាប់ក្រុមការងាររៀបចំការធ្វើវិសោធនកម្មច្បាប់ស្តីពីលក្ខន្តិកៈមេធាវីពិនិត្យ និងសម្រេច។ ក្រុមលេខាធិការ គ្រោងនឹងមានការរៀបចំកិច្ចប្រជុំ ជារៀងរាល់សប្តាហ៍ ក្នុងការរៀបចំសេចក្តីព្រាងវិសោធនកម្មច្បាប់ស្តីពីលក្ខន្តិកៈមេធាវី ដើម្បីដាក់ជូនក្រុមការងារពិនិត្យនៅពេលឆាប់ៗខាងមុខនេះនៅក្នុងកិច្ចប្រជុំបន្ទាប់។