ភាពជាដៃគូនៃវិស័យឯកជន និងសាធារណៈដំបូងបង្អស់ដើម្បីចរាចរណ៍ប្រកបដោយសុវត្ថិភាព និងបរិស្ថានស្អាតសម្រាប់គ្រប់គ្នា


នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនៃគម្រោងមូលនិធិរួមគ្នា ដំបូងបង្អស់ក្នុងគោលដៅគាំទ្រដល់កិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការពង្រឹងសុវត្ថិភាព និងនិរន្តរ ភាពនៃចរាចរណ៍ក្នុងទីក្រុងភ្នំពេញ បន្ទាប់ពីកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ(UNDP) និងក្រុមហ៊ុនដឹក ជញ្ជូនGrab បានប្រកាសជាផ្លូវការនាពេលថ្មីៗនេះអំពីកិច្ចសហការ រវាងស្ថាប័នទាំងពីរលើការកាត់ បន្ថយការកកស្ទះចរាចរណ៍ និងការបំពុលខ្យល់អាកាសក្នុងទីក្រុង។

មធ្យោបាយដឹកជញ្ជូនជាមូលដ្ឋាននៃការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម ដែលចាំបាច់ក្នុងការ សម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពជាច្រើន ដូចជា គោលដៅទី៧ (ថាមពល ស្អាតមានតម្លៃសមរម្យ) គោលដៅទី៩ (ការកសាងហេដ្ឋារចនាសម្ព័ន្ធ) និងគោលដៅទី១១ (ទីក្រុង និងសហគមន៍ប្រកបដោយនិរន្តរភាព)ជាដើម។ ជាពិសេស ការធ្វើឲ្យប្រសើរឡើងនូវមធ្យោបាយដឹក ជញ្ជូននឹងរួមចំណែកដល់ជោគជ័យនៃចំនុចដៅទី២ ក្នុងគោលដៅទី១១ ដែលធានាថាគ្រប់គ្នាទាំង ស្ត្រី កុមារ ជនពិការ និងជនចាស់ជរា អាចប្រើប្រាស់មធ្យោបាយធ្វើដំណើរប្រកបដោយសុវត្ថិភាព និងតម្លៃសមរម្យបានគ្រប់ពេលត្រឹមឆ្នាំ២០៣០។
ស្ថានភាពនៃនគរូបនីយកម្មនៅកម្ពុជា បានជម្រុញឲ្យមានកំណើនប្រជាជនខ្ពស់នៅក្នុងទីក្រុង ហើយវាក៏ជាមូលហេតុនាំឲ្យមានតម្រូវការកាន់តែខ្ពស់នៃការធ្វើដំណើរ និងមធ្យោបាយដឹកជញ្ជូនដែរ។ ជាឧទាហរណ៍ ក្នុងទីក្រុងភ្នំពេញ ចំនួនរថយន្ត និងទោចក្រយានយន្តដែលបានចុះបញ្ជីត្រឹមត្រូវ ជាមធ្យមមានកំណើនប្រមាណជា ២០% រៀងរាល់ឆ្នាំ ហើយបច្ចុប្បន្នមានចំនួនរហូតដល់ ៤លាន៥សែនគ្រឿងបានចុះបញ្ជី (យោងតាមរបាយការណ៍របស់ក្រសួងសាធារណការ និងដឹកជញ្ជូន)។
ដំណើរការនគរូបនីយកម្ម និងការប្រែប្រួលអាកាសធាតុជាបញ្ហាពីរដែលមិនអាចផ្តាច់ចេញពីគ្នាបាន ពីព្រោះ ៨០% នៃការបំភាយឧស្ម័នផ្ទះកញ្ចក់ដែលបណ្តាលឲ្យមានកំណើនកំដៅនៃភពផែនដី គឺចេញមកពីទីក្រុង។ បិរមាណប្រមាណជាពាក់កណ្តាលនៃការបំភាយឧស្ម័នផ្ទះកញ្ចក់នេះ កើតចេញពីការប្រើប្រាស់ប្រេងឥន្ធនៈផ្សេងៗក្នុងការដឹកជញ្ជូន និងការធ្វើដំណើរក្នុងទីក្រុង។
សម័យ (ឈ្មោះជាភាសាខ្មែរ) ឬ គម្រោងនិរន្តរភាពចរាចរណ៍ក្នុងទីក្រុងសម្រាប់គ្រប់គ្នា មានរយៈពេលបីឆ្នាំក្រោមការឧបត្ថម្ភមូលនិធិរួមគ្នារវាង UNDP និងក្រុមហ៊ុន Grab មានគោលបំណងធ្វើ ឲ្យប្រសើរឡើងទាំងគុណភាព និងការចងក្រងនៃទិន្ន័យចរាចរណ៍ដែលចាំបាច់ សម្រាប់ការបង្កើតនូវ គោលនយោបាយ និងការវិនិយោគនានាក្នុងការដោះស្រាយបញ្ហាចរាចរណ៍ក្នុង ទីក្រុងប្រកបដោយ ភាពឆ្លាតវៃ និងនិរន្តរភាព។
លោក Nick Beresford នាយកប្រចាំប្រទេសកម្ពុជារបស់ UNDP មានប្រសាសន៍ក្នុងពិធីចុះ ហត្ថលេខាថ្ងៃនេះថា “សម័យ ឬ គម្រោងនិរន្តរភាពចរាចរណ៍ក្នុងទីក្រុងសម្រាប់គ្រប់គ្នានេះ មាន តួនាទី លើសពីអ្វីដែលយើងហៅថាជាទំនួលខុសត្រូវសង្គម (Corporate Social Responsibility) ទៅ ទៀត ហើយវាផ្តល់នូវម៉ូដែលថ្មីមួយសម្រាប់ភាពជាដៃគូនៃវិស័យឯកជន និងសាធារណៈ ក្នុងការងារ អភិវឌ្ឍ សង្គម។ គម្រោងនេះ ក៏ជាវេទិការមួយជួយគាំទ្រដល់ការបង្កើតគោលនយោបាយនានាដែល ជម្រុញឲ្យមានការវិនិយោគកាន់តែច្រើនលើការអភិវឌ្ឍន៍ទីក្រុងប្រកបដោយចីរភាព។”

លោក Russell Cohen នាយកប្រចាំតំបន់ផ្នែកប្រតិបត្តិការរបស់ក្រុមហ៊ុន Grab បានមាន ប្រសាសន៍ថា “Grab មានសេចក្តីសោមនស្សរីករាយបន្តកិច្ចសហការជាមួយ UNDP ដើម្បីសម្រេចនូវ ទស្សនវិស័យ និងឆន្ទៈរួមក្នុងការកាត់បន្ថយការបំពុលខ្យល់អាកាស ក៏ដូចជាការបង្កើនសុវត្ថិភាព និងប្រសិទ្ធិភាពនៃចរាចរណ៍តាមដងផ្លូវ។ យើងនឹងបន្តភាពជាដៃគូជាមួយ UNDP ដើម្បីរួមចំណែក ធ្វើឲ្យទីក្រុងនានាក្នុងតំបន់អាស៊ីអាគ្នេយ៍កាន់តែមានបរិស្ថានស្អាត និងភាពរស់រវើក។”

លោក Cohen បានបន្ថែមថា “ក្រៅពីការគាំទ្រផ្នែកហិរញ្ញវត្ថុ Grab ក៏បានប្តេជ្ញាផ្តល់នូវការ គាំទ្រផ្សេងៗទៀតដូចជា ការចែករំលែកទិន្ន័យ ការផ្តល់ជាបច្ចេកវិទ្យាធនធានមនុស្ស ព្រមទាំងការលើកកម្ពស់ការប្រើយានយន្តបែបបរិស្ថានក្នុងចំណោមអ្នកបើកបរដៃគូ និងអ្នកដំណើរ។”

ដើម្បីចូលរួមសម្រេចបាននូវគោលដៅនេះ ការអនុវត្តគម្រោង សម័យ ផ្តោតការគាំទ្រលើ (១) ការធ្វើឲ្យប្រសើរឡើងនូវប្រសិទ្ធិភាពនៃចរាចរណ៍ក្នុងទីក្រុងសព្វថ្ងៃ និងប្រព័ន្ធដឹកជញ្ជូន តាម រយៈការប្រមូលចងក្រងទិន្ន័យចរាចរណ៍ និងគុណភាពខ្យល់ក្នុងទីក្រុងភ្នំពេញ (២) ការកាត់បន្ថយ ការបំភាយឧស្ម័នផ្ទះកញ្ចក់ពីចរាចរណ៍ក្នុងទីក្រុង តាមរយៈវិធានការពាក់ព័ន្ធនឹងប្រេងឥន្ធនៈ និង ការប្រើនប្រាស់យានយន្តបែបបរិស្ថាន និង (៣) ការលើកកម្ពស់ភាពច្នៃប្រឌិតក្នុងការដោះស្រាយ បញ្ហាចរាចរណ៍ដោយភាពឆ្លាតវៃក្នុងគោលបំណងពន្លឿនវឌ្ឍនភាពផ្នែកសុវត្ថិភាព និងចរាចរណ៍ សម្រាប់គ្រប់គ្នា។
ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល និងជារដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ក្នុងពិធីចុះហត្ថលេខាថា “ថ្ងៃនេះជា ទិវាបរិស្ថានអន្តរជាតិ ហើយក៏ជាពេលដ៏ ប្រសើរបំផុតក្នុងការលើកកម្ពស់ការយល់ដឹង និងសកម្មភាពការការពារបរិស្ថានរបស់យើងទាំងអស់ គ្នា។ នគរូបនីយកម្មនៅកម្ពុជាបាននាំមកជាមួយនូវកាលានុវត្តភាពសេដ្ឋកិច្ច និងបញ្ហាប្រឈមថ្មីៗ ដូចដែលទីក្រុងនានាក្នុងពិភពលោកកំពុងបានជួបប្រទះ។ គម្រោង សម័យ ជាគម្រោងទី១ នៃ ភាពជាដៃគូនៃវិស័យឯកជន និងសាធារណៈ រវាង UNDP និងក្រុមហ៊ុន Grab ដែលជាក្រុមហ៊ុនដឹក អ្នកដំណើរឈានមុខគេ រួមជាមួយនិងក្រសួងសាធារណការ និងដឹកជញ្ជូន។ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូន ប្តេជ្ញាលើកកម្ពស់ឲ្យកាន់តែមានប្រសិទ្ធិភាព និងនិរន្តរ ភាពនៃប្រព័ន្ធដឹកជញ្ជូន និងមធ្យោបាយធ្វើដំណើរសម្រាប់ទីក្រុងរបស់យើង។”