គម្រោងស្ដីពីការបញ្ជ្រាបយេនឌ័រសម្រាប់បង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្ត្រី (PGM-WEE) របស់ក្រសួងកិច្ចការនារី គម្រោងនេះបានចាប់ផ្ដើមនៅខែមីនា ឆ្នាំ ២០១៧ សម្រាប់រយៈពេល ៥ឆ្នាំដែលគាំទ្រដោយ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) បានរៀបចំកិច្ចប្រជុំ គណៈកម្មាធិការសម្របសម្រួលរួម (JCC) លើកទី ២ នៅទីស្តីការក្រសួងកិច្ចការនារី នៅថ្ងៃទី ០៥ ខែមិថុនា ឆ្នាំ ២០១៨។ កិច្ចប្រជុំនេះដឹកនាំដោយ លោកជំទាវ វេជ្ជបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី ក្នុងគោលបំណងបង្ហាញពីសមិទ្ធិផលសម្រេចបានរបស់គម្រោង នៅដំណាក់កាលទីមួយ ពីខែមីនា ឆ្នាំ ២០១៧ ដល់ ខែមិថុនា ឆ្នាំ ២០១៨ និងដើម្បីទទួលបានការអនុម័តផែនការឆ្នាំបន្ទាប់ ២០១៨-២០១៩ ពីសមាជិកគណៈកម្មាធិការ JCC ដែលមានសមាជិកជាថ្នាក់ដឹកនាំ និងមន្ត្រី ក្រសួងកិច្ចការនារី និងក្រសួងពាក់ព័ន្ធចំនួន ៧ផ្សេងទៀត។ គោលបំណងរបស់PGM-WEE គឺ «យន្តការបញ្ជ្រាបយេនឌ័រ ត្រូវបានពង្រឹង ដើម្បីលើកកម្ពស់ការបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្ត្រី (WEE) នៅថ្នាក់ក្រោមជាតិ ដោយក្រសួង/មន្ទីរដៃគូពាក់ព័ន្ធ តាមរយៈការស្វែងរកការគាំទ្រមតិ និងការសម្របសម្រួល ពីក្រសួងកិច្ចការនារី/មន្ទីរកិច្ចការនារីខេត្ត»។ គម្រោងធ្វើការងារនេះតាមរយៈក្រុមការងារ WEE នៅថ្នាក់ខេត្ត ដើម្បីបង្កើនសកម្មភាពសេដ្ឋកិច្ចដល់ស្ត្រី ដោយមានការសម្របសម្រួលពីមន្ទីរកិច្ចការនារី។ សកម្មភាពសេដ្ឋកិច្ចទាំងនេះ ជាវិស័យសំខាន់សម្រាប់ប្រទេសកម្ពុជា រួមមានវិស័យកសិកម្ម (ការចិញ្ចឹមមាន់) និងវិស័យទេសចរណ៍។