លោកជំទាវ ឧកញ៉ា កែវ ម៉ាលី អញ្ជើញជួបសំណេះសំណាលជាមួយសមាជិកគណបក្សប្រជាជនកម្ពុជា ក្នុងសង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ


នាព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៨ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា សង្កាត់កោះដាច់ មានពិធីជួបសំណេះសំណាល ក្រោមអធិបតីភាព លោកជំទាវ ឧកញ៉ា កែវ ម៉ាលី ទីប្រឹក្សាសម្តេចប្រធានព្រឹទ្ធសភា អនុប្រធានក្រុមការងារ និងជាប្រធានក្រុមការងារចល័តពិសេសចុះជួយខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ជាមួយប្រជាពលរដ្ឋទីទ័លក្រ ចាស់ជរា ដែលជាសមាជិកគណបក្សប្រជាជន កម្ពុជា ចំនួន៣២គ្រួសារ ក្នុងសង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ក្នុងឱកាសជួបសំណេះសំណាលនោះ លោកជំទាវប្រធាន ក៏បានពាំនាំនូវប្រសាសន៍បណ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តី សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា និងបានរំលឹកដល់ពួកគាត់ទាំងអស់ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ ២០១៨ខាងមុខនេះ ប្រទេសកម្ពុជាយើង នឹងធ្វើការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ ដូច្នេះ សូមឱ្យពួកគាត់ទាំងអស់ ត្រូវត្រៀមឯកសារពាក់ព័ន្ធទាំងឡាយ សម្រាប់យកទៅបោះឆ្នោត និងកៀរគរញាតិមិត្ត បងប្អូន ឲ្យទៅបោះឆ្នោតគ្រប់គ្នាៗ និងបោះជូនគណបក្សប្រជាជកម្ពុជា ដែលមានលេខរៀងទី២០ ក្រោមគេបង្អស់ ងាយស្រួលចាំ ងាយស្រួលគូស ដើម្បីឲ្យគណបក្សប្រជាជកម្ពុជាយើង ដែលដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន ជាប្រមុខ បានបន្តថែរក្សាសុខសន្តិភាព និងបន្តការអភិវឌ្ឍប្រទេសជាតិយើង ឲ្យកាន់តែរីកចម្រើនថែមទៀត។

ក្នុងឱកាសនោះដែរ លោកជំទាវឧកញ៉ា កែវ ម៉ាលី ក៏បាននាំមកជាមួយនូវអំណោយផ្ទាល់របស់លោកជំទាវជូនដល់ប្រជាពលរដ្ឋទាំង៣២គ្រួសារ ក្នុងមួយគ្រួសារ ទទួលបាន ថវិកា៤០.០០០រៀល អង្ករ១បាវ ១៥គីឡូក្រាម ទឹកត្រី ០១យូរ ទឹកស៊ីអ៉ីវ០១យូរ ស្ករស០៣គីឡូក្រាម និងទឹកដោះគោខាប់០៥កំប៉ុង ក្នុងខណៈនោះដែរ លោកជំទាវឧកញ៉ា ក៏បានឧបត្ថម្ភថវិកា២៦០.០០០រៀល សម្រាប់ចែកជូនកងកម្លាំងប៉ូលិស០៩នាក់ ប្រជាការពារ០៥នាក់ មេភូមិ០៥នាក់ និងយុវជន ស.ស.យ.ក ០៧នាក់ ក្នុងម្នាក់ទទួលបានថវិកា១០.០០០រៀល ហើយក៏បាន ឧបត្ថម្ភថវិកា១៤០.០០០រៀល ជូនក្រុមប្រឹក្សាចំនួន០៧នាក់ ផងដែរ។