ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ រវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុន ផាយ ផេ ស្ដីពីការផ្ដល់សេវាទូទាត់ប្រាក់


ថ្ងៃព្រហស្បតិ៍ ៩រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៨ នៅ ទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានអញ្ជើញជា អធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ រវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុនផាយ ផេ ស្ដីពីការផ្ដល់សេវាទូទាត់ប្រាក់ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងតំណាងក្រុមហ៊ុនផាយ ផេ ផងដែរ។

ថ្លែងទៅកាន់អង្គពិធី ឯកឧត្ដមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា៖ ការចុះអនុស្សរណៈនៃការយោគយល់ រវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុន ផាយ ផេ នេះ ធ្វើឡើងក្នុងគោលបំណងផ្ដល់ មធ្យោបាយទូទាត់ប្រាក់តាមប្រព័ន្ធDigital ថ្មីមួយទៀត ឱ្យស្របតាមទិសស្លោក សម្រាប់រួមចំណែកក្នុង ការកែទម្រង់សេវាសាធារណៈ ធ្វើឱ្យមានប្រសិទ្ធភាព ធ្វើឱ្យមានតម្លាភាព និងធ្វើឱ្យបានលឿនឆាប់រហ័ស ដើម្បីផ្ដល់ភាពងាយស្រួល និងមានសុវត្ថិភាពជូនប្រជាពលរដ្ឋ។

ឯកឧត្ដមទេសរដ្ឋមន្ត្រី បានបន្តថា៖ ការទូទាត់របស់ក្រុមហ៊ុនផាយ ផេ នេះ មានពីររបៀប៖ ១) ប្រើប្រាស់ PiPay App ២) ប្រើប្រាស់តាមប្រព័ន្ធOnline របស់ក្រសួងដែលមានតំណភ្ជាប់ជាមួយប្រព័ន្ធរបស់ ក្រុមហ៊ុន ផាយ ផេ ។

ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានថ្លែងអំណរគុណ និងការកោតសរសើរយ៉ាងជ្រាលជ្រៅដល់ កិច្ចសហការប្រកបដោយភាពរឹងមាំរវាងវិស័យសាធារណៈ និងវិស័យឯកជន ក្នុងគោលបំណងលើក កម្ពស់សេវាសាធារណៈដល់ប្រជាពលរដ្ឋ ឱ្យស្របតាមការរីកចម្រើនផ្នែកវិស័យបច្ចេកវិទ្យារបស់ សកលលោក។