សិក្ខាសាលាណែនាំពីវិធីចុះបញ្ជីយានជំនិះ នៅតាមហាង លក់ទោចក្រយានយន្ត និងរថយន្ត ប្រមាណជាង ២០០ទូទាំងប្រទេស


នាព្រឹកថ្ងៃព្រហស្បតិ៍ ៩រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៨ ឯកឧត្តម ឈួន វ៉ន់ អគ្គនាយក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតី ក្នុងកម្មវិធី
សិក្ខាសាលាស្តីពីការធ្វើឲ្យប្រសើរឡើងនៃប្រព័ន្ធចុះបញ្ជីយានជំនិះ និងត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត (ឆៀក)។

កម្មវិធីនេះមានការអញ្ជើញចូលរួមពីវាគ្មិនមកពី នាយកដ្ឋានដឹកជញ្ជូនផ្លូវគោក នាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈ ទីភ្នាក់ងារ JICA និងមានសិក្ខាកាមមកពីហាងលក់យានជំនិះប្រមាណ ជាង២០០ទូទាំងប្រទេស។

វាគ្មិនបាន បង្ហាញ និងចែករំលែកបទពិសោធន៍ទៅកាន់សិក្ខាកាម ពីស្ថានភាពនៃការអនុវត្ត គម្រោងទំនើបកម្មប្រព័ន្ធចុះបញ្ជី និងត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត ព្រមទាំងប្រព័ន្ធស្វ័យប្រវត្តិកម្ម របស់កម្ពុជា និងប្រព័ន្ធចុះបញ្ជីយានយន្ត និងត្រួតពិនិត្យលក្ខណៈបច្ចេកទេសរបស់ប្រទេសជប៉ុន។

គោលបំណងនៃអង្គសិក្ខាសាលាបង្កើតឡើងដើម្បីបញ្រ្ជាប់ ពីការយល់ដឹងបន្ថែមពីការប្រើប្រាស់ប្រព័ន្ធដល់ហាងលក់យានយន្ត សំដៅផ្តល់សេវា កាន់តែមានភាពងាយស្រួល ឆាប់រហ័ស និងលុបបំបាត់ការចំណាយក្រៅផ្លូវការជូនប្រជាពលរដ្ឋ។

ឯកឧត្តម អគ្គនាយក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក បានថ្លែងអំណរគុណដល់បណ្តាក្រុមហ៊ុនទិញលក់យានយន្តទាំងអស់ ដែលបានអញ្ជើញចូលរួម និងស្នើសុំអោយ ហាងលក់យានយន្តទាំងអស់បន្តកិច្ចសហប្រតិបត្តិការល្អជាមួយក្រសួង ដើម្បីជាផលប្រយោជន៍ជូនប្រជាពលរដ្ឋយើង។

នៅចុងបញ្ចប់នៃកម្មវិធី គណៈអធិបតីក៏បានផ្តល់ជូននូវមួកសុវត្ថិភាពក្នុងម្នាក់ចំនួន១ ដើម្បីជាចំណែកចូលរួមពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក និងកាត់បន្ថយការគ្រោះថ្នាក់ដោយយថាហេតុ៕