ព្រះបរមរាជវាំង៖ ព្រះរាជសាររបស់ព្រះមហាក្សត្រ មិនមានការក្លែងក្លាយ និងមិនមានការគំរាមកំហែងឡើយ គឺជាព្រះរាជសារពិតប្រាកដ


(ភ្នំពេញ)៖ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងព្រះបរមរាជវាំង នារសៀលថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៨ បានឲ្យដឹងថា ព្រះរាជសាររបស់ព្រះករុណា ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត មិនមានការក្លែងក្លាយ និងមិនមានការគំរាមកំហែងឡើយ គឺជាព្រះរាជសារពិតប្រាកដ។

ក្រសួងព្រះបរមរាជវាំងបានប្រកាសឲ្យដឹងថា៖ «នៅប៉ុន្មានថ្ងៃចុងក្រោយនេះ មានជនអគតិបានចោទប្រកាន់ថា មានការក្លែងក្លាយលើ ព្រះរាជសាររបស់ព្រះករុណា ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ចុះថ្ងៃសុក្រ ទី៤កើត ខែជេស្ឋ ឆ្នាំច សំរិទ្ធស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨ ដែលមានខ្លឹមសារអំពាវនាវដល់ជនរួមជាតិ អ្នកមានសិទ្ធិបោះឆ្នោតទាំងអស់ សូមអញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ជ្រើសរើសតំណាងរាស្រ្ត នីតិកាលទី៦ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះសំដៅជ្រើសរើសអ្នកដឹកនាំប្រទេសជាតិថ្មី»។

ក្រសួងព្រះបរមរាជវាំង សូមប្រកាសជាព័ត៌មាន ជូនសាធារណជនជ្រាបថា ព្រះរាជសាររបស់ ព្រះករុណាព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតខាងលើនេះ មិនមានការក្លែងក្លាយ និងមិនមានការគំរាមកំហែងឡើយ​ គឺជាព្រះរាជសារពិតប្រាកដ៕