សម្តេចតំណាងរាស្រ្តមណ្ឌលកំពង់ឆ្នាំងបានពង្រឹងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្នុងស្រុកកំពង់លែងអោយដោះស្រាយសំណូមពរជូនប្រជាពលរដ្ឋអោយបានទាន់ពេលវេលា


កំពងឆ្នាំងៈសម្តេចចៅហ្វាវាំងគង់ សំអុលអ្នកតំណាងរាស្រ្តមណ្ឌលកំពង់ឆ្នាំងខេត្តកំពង់ឆ្នាំង បានជំរុញឱ្យអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ក្នុងស្រុកកំពង់លែងត្រូវមានតម្លាភាពការផ្តល់សេវាសាធារណៈ និងដោះស្រាយតាមសំណូមពរចាំបាច់ជាពិសេសសំណូមពរតម្រូវការអោយបានទាន់ពេលវេលាជូនប្រជាពលរដ្ឋ។

សម្តេចបានជំរុញបែបនេះនាព្រឹកថ្ងៃទី០៨ខែមិថុនា ឆ្នាំ២០១៨នៅស្រុកកំពង់លែង
ក្នុងពិធីជួបសំណេះសំណាលពង្រឹងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្នុងស្រុកកំពង់លែងចំនួន៤៤៦នាក់។
សម្តេចបានជំរុញបន្តទៀតថាៈ ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ជាពិសេសការផ្ដល់នូវតម្រូវការប្រចាំថ្ងៃជូនពួកគាត់ដូចជាៈការដោះស្រាយ លិខិតស្នាមផ្សេងៗ គឺត្រូវតែធ្វើឱ្យបានរហ័សទាន់ចិត្ត ប្រកបដោយតម្លាភាពត្រឹមត្រូវ និងអាកប្បកិរិយារួសរាយរាក់ទាក់ទន់ភ្លន់ទាំងនេះជាក្រមសីលធម៌របស់មន្ត្រីហើយនឹងប្រាកដប្រជាឱ្យទទួលបាននូវការគាំទ្រមកវិញ ពីសំណាក់ប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត។ មន្ត្រីទាំងអស់គប្បីយកចិត្តទុកដាក់ ក្នុងការបំពេញការងារ មានព្រហ្មវិហារធម៌ទាំង៤ នៅក្នុងខ្លួន មានវប្បធម៌សាមគ្គី វប្បធម៌ចែករំលែក ដល់ថ្នាក់ក្រោម និងផ្តល់គំរូល្អដល់ប្រជាពលរដ្ឋ និងអនុវត្តឱ្យបាននូវអភិក្រមទាំងប្រាំចំណុចគឺ ដុះក្អែល ងួតទឹក ឆ្លុះកញ្ចក់ ព្យាបាល និងចុងក្រោយវះកាត់។

សម្តេចក៏បានផ្តាំផ្ញើដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវចុះឱ្យដល់មូលដ្ឋាន និងគ្រប់គ្រងឱ្យបានចំពោះការធ្វើចំណាកស្រុក ក្នុងប្រទេស និងចំណាកក្រៅប្រទេសរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានរបស់ខ្លួន និងជួយផ្សព្វផ្សាយជំរុញឱ្យទៅបោះឆ្នោត ឱ្យបានគ្រប់ៗគ្នានៅ ថ្ងៃទី២៩ខែកក្កដាឆ្នាំ២០១៨នេះ។