មេដឹកនាំអាស៊ី-អឺរ៉ុបថ្កោលទោស


     មេដឹកនាំរដ្ឋាភិបាលនៃប្រទេសអាស៊ី និងប្រទេសអឺរ៉ុប ដែលកំពុងធ្វើកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុប បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោស អំពើភេរវកម្មសម្លាប់មនុស្សនៅទីក្រុងនីស នៃប្រទេសបារាំង។

     សូមជំរាបថា ហេតុការណ៍ក្នុងទីក្រុងនីស ដែលមានមនុស្សស្លាប់យ៉ាងហោច ៨៤នាក់ បានកើតឡើងតែប៉ុន្មានម៉ោង មុនពេលដែលកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុប បានចាប់ផ្តើម ។ សេចក្តីថ្លែងការណ៍របស់មេដឹកនាំទាំងជាង ៥០ប្រទេស ដដែល ក៏បានថ្កោលទោសអំពើភេរវកម្មសម្លាប់មនុស្សនានា ដែលកើតឡើង ក្នុងតំបន់អាស៊ីនិងអឺរ៉ុបផងដែរ ។ មេដឹកនាំក្នុងកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុប បានបញ្ជាក់ការចូលរួមគ្នា នូវកងកម្លាំង ដើម្បីប្រឆាំងអំពើភេរវកម្មទាំងនោះ និងតាមចាប់ជនដែលទទួលខុសត្រូវ យោងតាមធម្មនុញ្ញនៃអង្គការសហប្រជាជាតិ និងកាតព្វកិច្ចដទៃទៀត យោងតាមច្បាប់អន្តរជាតិ ។

     សេចក្តីថ្លែងការណ៍បានបង្ហាញការចូលរួមរំលែកទុក្ខ ចំពោះក្រុមគ្រូសារជនរងគ្រោះ…ចំពោះប្រជាជន និងរដ្ឋាភិបាលនៃប្រទេស ដែលរងការវាយប្រហារដោយក្រុមភេរវកម្ម ក្នុងក្រុងនីស នៃ ប្រទេសបារាំងផងនោះដែរ ។

ជនជាតិបារាំងរំលែកទុក្ខមនុស្សស្លាប់ ៨៤នាក់

     ស្ថានទូតបារាំងក្នុងប្រទេសកម្ពុជា បានធ្វើពិធីជួបជុំគ្នាមួយ នៅល្ងាចថ្ងៃទី១៥ ខែកក្កដានេះ នៅវិទ្យាស្ថានបារាំង ដើម្បីចូលរួមមរណទុក្ខក្នុងព្រឹត្តិការណ៍ ដែលមានមនុស្សស្លាប់ជាង៨០នាក់ ដោយអំពើភេរវកម្មនៅទីក្រុងនីស ។

     គួររំលឹកថា មនុស្សយ៉ាងហោច ៨៤នាក់ រួមមានកុមារផងដែរ បានស្លាប់ក្នុងហេតុការណ៍មួយ ដែលមានរថយន្តដឹកសណ្តោង ១គ្រឿង បានបើកសម្រុកចូលក្នុងហ្វូងមនុស្ស បុកនិងកិនសម្លាប់ប្រជាជនបារាំង ដែលកំពុងជួបជុំគ្នា ប្រារព្ធពិធីបុណ្យមួយ ឈ្មោះ Promenade des Anglais ប្រូម៉ឺណាត ដេ សាំងគ្លេស ។

     Promenade des Anglais ប្រូម៉ឺណាត ដេសាំង គ្លេស គឺជាពិធីបុណ្យមួយ ដែលតែងមានមនុស្សជួបជុំកកកុញ ដើរកំសាន្តតាមបណ្តោយឆ្នេរនៃសមុទ្ទ មេឌីទែ័រ៉ាណេ នៃក្រុងនីស ។ អ្នកបើករថយន្តសណ្តោងជាតិ ទុយណេស៊ី ត្រូវបានប៉ូលីសបាញ់សម្លាប់… ហើយក្រោយមក គេបានរកឃើញកាំភ្លើង និងគ្រាប់បែកជាច្រើន នៅក្នុងរថយន្តសណ្តោងនោះទៀត ។ មិនទាន់មានក្រុមណាមួយ ដែលបានប្រកាសការទទួលខុសត្រូវ ក្នុងអំពើវាយប្រហារនោះទេ ប៉ុន្តែ ប្រធានាធិបតីបារាំង លោកហ្វ្រង់ស្វ័រហូឡង់ បានចាត់ទុកការវាយប្រហារនេះ គឺជាអំពើភេរវកម្ម ។

     ការជួបជុំគ្នាដោយជនជាតិបារាំង ក្នុងប្រទេសកម្ពុជានេះ បានធ្វើកាលពីល្ងាចថ្ងៃទី១៤ ដើម្បីស្មឹងស្មាធរំលឹកវិញ្ញាណក្ខ័ន្ធដល់ ជនរងគ្រោះទាំងនោះ ។ ប្រទេសបារាំងទើបនឹងរងគ្រោះកន្លងមកនេះផងដែរ ដោយអំពើភេរវកម្មកាលពីចុង ខែវិច្ឆិកា ឆ្នាំ ២០១៥ ក្នុងទីក្រុងប៉ារីស ដែលបានសម្លាប់មនុស្ស ១៣០នាក់ និងធ្វើអោយរងរបួសច្រើនរយនាក់ថែមទៀត ៕

Ness 18 07 16 2 copy

Ness 18 07 16 3 copy

Ness 18 07 16 4 copy