រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអនុញ្ញាតឲ្យលោក Jean-Luc FRANÇOIS មន្ត្រីជាន់ខ្ពស់របស់ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ


រសៀលថ្ងៃសុក្រ ១០រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី ០៨ ខែមិថុនា ឆ្នាំ ២០១៨ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអនុញ្ញាតឲ្យលោក Jean-Luc FRANÇOIS មន្ត្រីជាន់ខ្ពស់របស់ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ។

លោក Jean-Luc FRANÇOIS បានលើកឡើងថា តាមរយៈការទស្សនកិច្ចរយៈពេលប្រមាណ ២សប្តាហ៍ ពិសេសការចុះទៅដល់មូលដ្ឋានផ្ទាល់ បានធ្វើឲ្យលោកមើលឃើញកាន់តែច្បាស់ ពីការរីកចម្រើនលើវិស័យធារាសាស្ត្រនៅកម្ពុជា ។ ទន្ទឹមនឹងនេះ លោកក៏បានពិនិត្យឃើញនៅតំបន់មួយចំនួន ដែលទាមទារឲ្យមានការអភិវឌ្ឍបន្ថែមទៀតផងដែរ ។ ក្នុងន័យនេះ ភាគី AFD នឹងបង្កើនកិច្ចសហប្រតិបត្តិការឲ្យកាន់តែជិតស្និទ្ធបន្ថែមទៀត ជាមួយក្រសួង ក្នុងគោលបំណងចូលរួមអភិវឌ្ឍន៍ធារាសាស្ត្រនៅកម្ពុជា ឲ្យកាន់តែរីកចម្រើន ។ លោកបានបន្តថា នៅក្នុងគម្រោងកម្មវិធីគ្រប់គ្រងធនធានទឹក និងការផ្លាស់ប្តូរកសិកម្មនៅកម្ពុជា​ (Water Resources Management and Agro-Ecological Transition for Cambodia) ដែលមានទឹកប្រាក់ប្រមាណ ២០០ លានអឺរ៉ូ ហើយដែលនៅក្នុងជំហានទី ១ មានទឺកប្រាក់ប្រមាណ ៧៩ លានអឺរ៉ូ នឹងត្រូវជំរុញឲ្យអនុវត្តក្នុងពេលដ៏ខ្លីខាងមុខ ។

ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ ដែលបានជួយឧបត្ថម្ភគាំទ្រដល់វិស័យធារាសាស្ត្រនៅកម្ពុជា ពិសេសគម្រោងកម្មវិធីគ្រប់គ្រងធនធានទឹក និងការផ្លាស់ប្តូរកសិកម្មនៅកម្ពុជា​ ដែលនឹងឈានទៅអនុវត្ត នាពេលខាងមុខនេះ នឹងជួយពង្រីកការស្រោចស្រពលើផ្ទៃដីរបស់បងប្អូនប្រជាកសិករបន្ថែមទៀត ។ ឯកឧត្តមរដ្ឋមន្ត្រីក៏បានសំណូមពរបន្ថែមដល់ភាគី AFD ឲ្យបន្តជួយដល់ក្រសួងធនធានទឹក និងឧតុនិយម ទាំងការបណ្តុះបណ្តាលធនធានមនុស្ស និងឧបករណ៍សម្ភារៈ សម្រាប់ការពិនិត្យ ស្រាវជ្រាវលើគុណភាពទឹក ។