ប្រធាននាយកដ្ឋានវិស្វកម្ម ក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំមន្ត្រីបច្ចេកទេស ចុះពិនិត្យការដ្ឋានសាងសង់ឡើងវិញទំនប់ស្ទាក់ទឹក អន្សងនាវ


ព្រឹកថ្ងៃសុក្រ ១០រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី ០៨ ខែមិថុនា ឆ្នាំ ២០១៨ លោក ហៀង ម៉េង ប្រធាននាយកដ្ឋានវិស្វកម្ម ក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំមន្ត្រីបច្ចេកទេស ចុះពិនិត្យការដ្ឋានសាងសង់ឡើងវិញទំនប់ស្ទាក់ទឹក អន្សងនាវ ស្ថិតក្នុងឃុំណាំតៅ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ដែលបច្ចុប្បន្នសម្រេចការងារបានប្រមាណ ៨០% ។

គួររំលឹកផងដែរថា ទំនប់ស្ទាក់ទឹក អន្សងនាវ ត្រូវបានបើកដ្ឋានដំណើរការសាងសង់ឡើងវិញ ក្នុងគោលបំណងស្ទាក់ទឹកស្ទឹង ចំនួន ០៣ រួមមាន ស្ទឹងស្រង់ ស្ទឹងក្រសាំង និងស្ទឹងកំពង់ក្រសាំង ដើម្បីបង្វែរទៅរក្សាទុកក្នុងអាងត្រពាំងថ្មផង ប្រើប្រាស់ប្រចាំថ្ងៃផង និងស្រោចស្រពដំណាំកសិកម្មផង ។ ការងារសាងសង់ដែលត្រូវអនុវត្ត រួមមាន ៖
– សាងសង់ផ្លូវចូលទំនប់ប្រវែង ៣.០០០ ម៉ែត្រ
– សាងសង់ឡើងវិញទំនប់ស្ទាក់ទឹក ប្រវែង ១.១០០ ម៉ែត្រ
– សាងសង់សំណង់បង្ហៀរលើទំនប់ប្រវែង ៣០ ម៉ែត្រ ដោយបំពាក់ទ្វារទឹក ០២ សន្លឹក ចំនួន ០១ កន្លែង
– ជីកប្រឡាយ ០១ ខ្សែ ប្រវែង ២.០០០ ម៉ែត្រ ។