(ភ្នំពេញ)៖ នៅរសៀលថ្ងៃសុក្រ ទី១០រោជ ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៨ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានរៀបចំនូវពិធីផ្សព្វផ្សាយពី “មូលនិធិគន្ធបុប្ផាកម្ពុជា” ដែលជាគំនិតផ្តួចផ្តើមដ៏ថ្លៃថ្លាបង្កើតឡើងដោយ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត។
ដោយយោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងពិធីសម្ពោធដាក់ឲ្យដំណើរការ “មូលនិធិគន្ធបុប្ផាកម្ពុជា” កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨ កន្លងទៅ នៅវិមានសន្តិភាព ដែលយើងចាត់ទុកជាថ្ងៃប្រវត្តិសាស្ត្រមួយថ្មីបញ្ជាក់ថា៖ កុមារកម្ពុជា នឹងបន្តទទួលបានការធានានូវការគាំពារផ្នែកសុខភាពប្រកបដោយគុណភាព និងឥតគិតថ្លៃ សម្រាប់ការព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា ទាំងនៅរាជធានីភ្នំពេញ និងនៅខេត្តសៀមរាប គឺឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ និងលោកជំទាវ បានបរិច្ចាគថវិកា ចំនួន ០២ មុឺនដុល្លារសហរដ្ឋអាមេរិក ដល់មូលនិធិគន្ធបុប្ផាកម្ពុជា និងបានអំពាវនាវដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទក្រសួង និងសប្បុរសជននានា ក៏ដូចជា ម្ចាស់រោងចក្រ សហគ្រាសទាំអស់ ចូលរួមបរិច្ចាគថវិកាតាមសមានចិត្ត និងសទ្ធាជ្រះថ្លារៀងៗខ្លួន រួមចំណែកក្នុងការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជា ក្នុងបុព្វហេតុចូលរួមជួយសង្គ្រោះអាយុជីវិតកុមារ និងទារក នៅកម្ពុជា នៅក្នុងក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គមរបស់រាជរដ្ឋាភិបាល។
ជាងនេះទៅទៀត ឯកឧត្តមកិត្តិសេដ្ឋបណ្ឌិត ក៏បានបញ្ជាក់បន្ថែមថា របាយការណ៍នៃការចូលរួមវិភាគទានរបស់សប្បុរសជននានា តាមរយៈក្រុមការងាររបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម នឹងត្រូវរាយការណ៍ជូនទៅ មូលនិធិគន្ធបុប្ផាកម្ពុជា ប្រកបដោយតម្លាភាព