នៅឯសហគមន៍អឺរ៉ុបនោះ ប្រជាពលរដ្ឋ និងយុវជនក្នុងប្រទេសបារាំង និងប្រទេសស្វីស បានបន្តចូលជាមួយគណបក្សប្រជាជនកម្ពុជា ។ ការបន្តចូលនេះធ្វើឡើង ក្នុងគ្រាដែលមេដឹកនាំគណបក្សសង្រ្គោះជាតិ បែជាត្រូវគេឃើញថា មិនដែលនិយាយល្អពីកម្ពុជា គិតតែពីការដើរ Lobby ញុះញង់ឲ្យបរទេសស្អប់កម្ពុជាពិសេស គឺការផ្តាច់ជំនួយនិង បំបែកឆ្នាំងបាយកម្មករខ្មែរនោះទៅវិញ ។
កាលពីចុងសប្តាហ៍មកនេះ នៅទីក្រុង Lyon ប្រទេសបារាំង ប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ប្រចាំប្រទេសបារាំង លោក ចែម វិឌ្យា, ប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជន គណបក្សប្រចាំទ្វីបអឺរ៉ុប លោក ហួត ហាក់ និងប្រធានក្រុមការងារ ប្រចាំប្រទេសស្វីស និង Lyon លោក ម៉ី វ៉ាន់ បានរៀបចំពិធីនៃការប្រកាសបញ្ចូល សមាជិកជាច្រើនចូលជាមួយគណបក្សប្រជាជនកម្ពុជា ។
ចំណែកនៅប្រទេសស្វីសនោះវិញ ក៏មានរៀបចំពិធីប្រកាសបញ្ចូល សមាជិកបក្សថ្មីបន្ថែម ថ្មីទៀតដែរ ក្រោមវត្តមាន ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ប្រចាំប្រទេសស្វីស លោក ណី សំអុល, និងក្រុមការងារជាច្រើនរូបទៀត ។
គួរកត់សម្គាល់ថា ការដែលប្រជាពលរដ្ឋ និងយុវជនចូលជាមួយ គណបក្សប្រជាជនកម្ពុជា នេះទៀតសោត ក៏ត្រូវគេឃើញថា គឺក្នុងស្ថានភាពដែលមេដឹកនាំគណបក្សជំទាស់នាពេលនេះ កំពុងទទួលរងបញ្ហាផ្ទួនៗ នូវរឿងអាស្រូវបុគ្គល ដែលធ្វើឲ្យអ្នកគាំទ្រក្នុងនិងក្រៅប្រទេសបាត់បង់ទំនុកចិត្ត ។ ការចូលជាសមាជិកគណបក្សប្រជាជនកម្ពុជា នេះគឺត្រូវអះអាងថា ជាការចូលដោយស្ម័គ្រចិត្ត និងគ្មានការបង្ខិតបង្ខំនោះទេ ក្រុមអ្នកវិភាគបានសង្កេតឃើញថា សន្ទុះនៃការចូលជា សមាជិកយុវជនថ្មីៗនៃ គណបក្សប្រជាជនកម្ពុជា ទាំងក្នុងក្រៅប្រទេស នាពេលនេះ ត្រូវគេឃើញថា មានភាពផុសផុលដែល ខុសពីគណបក្សជំទាស់ដែលភាគច្រើនសមាជិក សមាជិកា ត្រូវបានបណ្តេញចេញពីបក្សដោយសារអំពើញុះញង់ និងសកម្មជនសំខាន់ជាច្រើនទៀត នៃគណបក្សជំទាស់នៅកម្ពុជានេះ ក៏បានចាកចេញពីបក្សជាបន្តបន្ទាប់ ដោយរងការអាក់អន់ចិត្ត ដោយសារតែរឿងអាស្រូវបុគ្គល របស់មេដឹកនាំបក្សមួយនេះផងដែរ ។