អគ្គនាយករងកិច្ចការបច្ចេកទេស ក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំមន្ត្រីបច្ចេកទេសរបស់ក្រសួង ចុះពិនិត្យស្ថានភាពទឹក និងការងារបង្កបង្កើនផលនៅក្នុងខេត្តកំពង់ស្ពឺ


ថ្ងៃច័ន្ទ ១៣រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ២០១៨ លោក លឹម វីរក្ស អគ្គនាយករងកិច្ចការបច្ចេកទេស ក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំមន្ត្រីបច្ចេកទេសរបស់ក្រសួង ចុះពិនិត្យស្ថានភាពទឹក និងការងារបង្កបង្កើនផលនៅក្នុងខេត្តកំពង់ស្ពឺ ។

សម្រាប់ខេត្តកំពង់ស្ពឺ ចាប់តាំងពីដើមរដូវវស្សាមក គឺបានទទួលរបាយទឹកភ្លៀងច្រើនជាបន្តបន្ទាប់ ។ ដោយមានការគ្រប់គ្រង និងបែងចែកទឹកបានយ៉ាងល្អប្រសើរពីសំណាក់មន្ត្រីបច្ចេកទេសរបស់មន្ទីរធនធានទឹក និងឧតុនិយមខេត្ត បើទោះបីជាមានភ្លៀងច្រើនជាបន្តបន្ទាប់ យ៉ាងណាក្តី ក៏មិនទាន់បង្កឱ្យតំបន់ណាមួយរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងនោះទេ ។ ស្ថានភាពអាកាសធាតុក៏អំណោយផល ប្រព័ន្ធធារាសាស្ត្រនានាក៏មានទឹកពេញបរិបូណ៍ កំពុងបង្កលក្ខណៈកាន់តែងាយស្រួលដល់ការងារបង្កបង្កើនផលរបស់បងប្អូនប្រជាកសិករនៅក្នុងខេត្ត ។

សូមបញ្ជាក់ផងដែរថា នៅក្នុងដំណើរបេសកកម្មខាងលើនេះ ក្រុមការងារក៏បានចុះពិនិត្យការដ្ឋានសាងសង់ឡើងវិញប្រព័ន្ធស្រោចស្រព អូរតោង ស្ថិតក្នុងឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ផងដែរ ដែលបច្ចុប្បន្នសម្រេចការងារបានប្រមាណ ៧៥% ហើយ ។