មន្រ្តីជំនាញៈបណ្តាញផ្លូវរថភ្លើងពីភ្នំពេញទៅសឹង្ហបុរីនឹងធ្វើឡើងនៅខែកក្កដាខាងមុខ


ភ្នំពេញ : មន្រ្តីជំនាញ និងជាអ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូនបានថ្លែងថា បណ្តាញផ្លូវរថភ្លើងតភ្ជាប់រវាងក្រុងភ្នំពេញ នឹងសឹង្ហបុរីនឹងតភ្ជាប់ជាផ្លូវការនៅខែកក្កដាខាងមុខនេះហើយ ប៉ុន្តែការដំណើរការខ្សែរថភ្លើងធ្វើដំណើរ មិនអាចធ្វើបាននៅឡើយទេ។

លោកវ៉ាស៊ីម សូរិយាអ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូនបានថ្លែងឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី១៣ មិថុនានេះថា ការតភ្ជាប់បណ្តាញផ្លូវរថភ្លើង ពីរាជធានីភ្នំពេញ ទៅដល់សឹង្ហបុរីអាចភ្ជាប់បានហើយ នៅខែកក្កដាខាងមុខនេះ ប៉ុន្តែយើងមិនអាចដំនើរការខ្សែរថភ្លើងធ្វើដំណើរបាននៅឡើយទេ ដោយសារទី១ យើងមិនទាន់បានចុះកិច្ចព្រមព្រៀងជាមួយប្រទេសថៃ ក្នុងការតភ្ជាប់និងឆ្លងកាត់គ្នាបាននៅឡើយទេ ទោះជាប្រទេសថៃបានតភ្ជាប់ជាមួយសឹង្ហបុរីរួចហើយក្តី។

លោកបន្តថា ខ្សែរថភ្លើងរបស់យើងពីភ្នំពេញ ទៅកាន់ក្រុងប៉ោយប៉ែត មិនទាន់មានស្តង់ដាទាំងអស់នោះទេ គឺមានស្តង់ដាដែលអាចទ្រទម្ងន់បាន២៥តោន តែចន្លោះពីក្រុងសិរីសោភ័ណ ទៅប៉ោយប៉ែតប៉ុណ្ណោះ ប៉ុន្តែពីក្រុងសិរីសោភ័ណមកកាន់ក្រុងភ្នំពេញ ផ្លូវរថភ្លើងរបស់យើងអាចទ្រទម្ងន់បានត្រឹមតែ១៥តោនប៉ុណ្ណោះ។

តាមការឲ្យដឹងពីលោកស៊ុន ចាន់ថុលទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណៈការនិងដឹកជញ្ជូនបានឲ្យដឹងថា ខ្សែរថភ្លើងពីក្រុងប៉ោយប៉ែត នឹងតភ្ជាប់មកដល់រាជធានីភ្នំពេញនៅថ្ងៃទី៤ កក្កដាខាងមុខនេះ៕