អភិបាលខេត្តរតនគិរី​ ៖ក្នុងនាមអាជ្ញាធរខេត្ត​ មិនអនុញ្ញាតឲ្យបុគ្គលណាម្នាក់ បង្កចលាចលរាំងស្ទះ ដល់ដំណើរការបោះឆ្នោត​ឡើយ


 

រតនគិរី៖ ថ្លែងក្នុងកិច្ចប្រជុំផ្សព្វផ្សាយ​ និងណែ​នាំពង្រឹងសន្តិសុខសណ្តាប់ធ្នាប់​ សម្រាប់ដំណើរការបោះឆ្នោត ជ្រើសតាំង​តំណាងរាស្ត្រ​ នៅថ្ងៃខាងមុខនេះ ឯកឧត្តម ថង​ សាវុន​ អភិបាលខេត្តរតនគិរី​ បានលើកឡើងថា​ ក្នុងនាមអាជ្ញាធរខេត្ត​ មិនអនុញ្ញាតឲ្យបុគ្គលណាមួយ បង្កចលាចលរាំងស្ទះ ដល់ដំណើរការបោះឆ្នោត​ និងការធ្វើសកម្មភាព របស់គណបក្សនយោបាយឡើយ​ ក្នុងនាមអាជ្ញាធរមានសិទ្ធិគ្រ​ប់គ្រាន់ ក្នុងការអនុវត្តវិធានការច្បាប់ ចំពោះបុគ្គលណា ដែលមានបំណងបំផ្លិចបំផ្លាញ ដំណើរការបោះឆ្នោតបានឡើយ​ ។

សូម​ជម្រាបថា​ កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងដោយ​ រដ្ឋបាលខេត្តរតនគិរី​ សហការជាមួយ​ គ.ជ.ប​ ខេត្ត​ ក្នុង ក្នុងគោលបំណងផ្សព្វផ្សាយ ដល់គ្រប់ស្ថាប័នពាក់ព័​ន្ធទាំងអស់​ អំពីផែនការពង្រឹងសន្តិសុខ​ សណ្តាប់ធ្នាប់​ សាធារណៈទាំងមុន​ដំណើរការ ក្នុងដំណើរការ និងក្រោយដំណើរការបោះឆ្នោត​ ជ្រើសតាំងតំណាងរាស្ត្រ​ នីតិកាលទី៦​ សំដៅធានាឲ្យដំណើរការ រៀបចំការបោះឆ្នោត នាពេលខាងមុខ ប្រកបដោយលក្ខណៈ​សេរី​ ត្រឹមត្រូវ​ និងយុត្តិធម៌​ រក្សាបាននូវសុខសុវត្ថិភាព​ សន្តិសុខសាធារណៈ​ របៀបរៀបរយល្អប្រសើរ​ ទទួលបានការជឿទុកចិត្តបាន ពីសាធារណជនជាតិ​ និងអន្តរជាតិ​ ព្រមទាំងសំដៅទប់ស្កាត់រាល់ អំពើភេរវកម្ម​ ការធ្វើវិទ្ធង្សនា​ វិច្ឆេទកម្មសេដ្ឋកិច្ច​ ការបង្ករចលនានយោបាយផ្សេងៗ​ ។

កិច្ចប្រជុំនេះមានការចូលរួម ពីលោក-លោក​ ស្រីអភិបាលរងខេត្ត​ មេបញ្ជាការ​ មេបញ្ជាការរងកងកម្លាំងទាំងបីប្រភេទ​ ប្រធាន​- អនុប្រធានម​ន្ទីរ​ អង្គភាពជុំវិញខេត្ត​ អភិបាលក្រុង​ ស្រុក​ មេឃុំ​ ចៅសង្កាត់ទូទាំងខេត្ត​ មេបញ្ជាការ កងកម្លាំងប្រដាប់អាវុធទាំងបីថ្នាក់ស្រុក​ និងអង្គការសង្គមស៊ីវិល ដែលមានមូលដ្ឋាន បំពេញបេសកកម្ម នៅខេត្តរតនគិរី​ ទាំងអស់​ ៕