ចិន កម្ពុជា រួមគ្នាប្រឆាំងអំពើភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែន និងបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា


Chinis Help 25 07 16 2 copy

     ចិនបានបន្តជួយកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងអំពើភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែន និងបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា ការប្តេជ្ញាបន្តកិច្ចសហប្រតិបត្តិការរក្សាសន្តិសុខនេះ គឺធ្វើឡើងក្នុងគ្រាដែលចិនគ្រោង នឹងសាងសង់ទីស្នាក់ការកណ្តាលថ្មី របស់អគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា ។

     នារសៀលថ្ងៃទី២២ ខែកក្កដានេះ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ ឯកឧត្តមនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិបានអនុញ្ញាតឲ្យ លោក Li Zhu Qun អនុប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងសន្តិសុខសាធារណរដ្ឋប្រជាមានិតចិន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ខណៈដែលរូបលោក មកបំពេញទស្សនកិច្ចការងារនៅកម្ពុជា ។ ឯកឧត្តមនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានមានប្រសាសន៍ ថ្លែងអំណរគុណចំពោះ រដ្ឋាភិបាល និងក្រសួងសន្តិសុខសាធារណរដ្ឋប្រជាមានិតចិន ដែលកន្លងមកតែងតែជួយឧបត្ថម្ភគាំទ្រ ទាំងឧបករណ៍ សម្ភារ ថវិកា និងជួយក្នុងការបណ្តុះបណ្តាល ដល់មន្ត្រីនគរបាលជាតិកម្ពុជា ។ ជាពិសេសនៅពេល ខាងមុខក្រសួងសន្តិសុខសាធារណរដ្ឋប្រជាមានិតចិននឹងជួយសាងសង់អគារទីស្នាក់ការកណ្តាលថ្មី របស់អគ្គស្នងការដ្ឋាននគរបាលជាតិផងដែរ ។

     ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម នេត សាវឿន ក៏បានថ្លែងអំណរគុណ ចំពោះក្រសួងសន្តិសុខសាធារណរដ្ឋប្រជាមានិតចិន ដែលបាននាំយកអ្នកជំនាញមកពិនិត្យសិក្សា លើគម្រោងប្លង់របស់អាគារទីស្នាក់ការថ្មី ។ ក្នុងឱកាសនោះឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការដ្ឋាននគរបាលជាតិ បានមានប្រសាសន៍ថា ដោយមានកិច្ចសហប្រតិបត្តិការគ្នាល្អរវាង នគរបាលកម្ពុជា និងនគរបាលចិន កន្លងមកនគរបាលទាំងពីរ បានរួមគ្នាបង្រ្កាបទប់ស្កាត់បទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា (VOIP) និងបទល្មើស ឧក្រិដ្ឋកម្មឆ្លងដែនបានដោយជោគជ័យជាច្រើនករណី ។

     ជាមួយគ្នានោះដែរ លោក Li Zhu Qun អនុប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងសន្តិសុខសាធារណរដ្ឋប្រជាមានិតចិន បានប្រសាសន៍កោតសរសើរដល់នគរបាលកម្ពុជា ក្នុងការរួមសហការគ្នាបង្រ្កាបបទល្មើស ជាពិសេសនាពេលថ្មីៗកន្លងមកនេះ នគរបាលកម្ពុជាបានបង្រ្កាប និងបញ្ជូនជនជាតិចិន ៣៩នាក់ លើករណីបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា (VOIP) បានដោយជោគជ័យ ។

     លោក Li Zhu Qun ស្នើឲ្យនគរបាលកម្ពុជា និងនគរបាលចិន បន្តកិច្ចសហប្រតិបត្តិការល្អជាមួយគ្នាបន្តទៀតក្នុងការប្រយុទ្ធប្រឆាំងអំពើភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែន និងបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា ៕

Chinis Help 25 07 16 3 copy

Chinis Help 25 07 16 4 copy