លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញអុជធូប និងបួងសួងសុំសេចក្តីសុខ នៅវត្តគុហាគង្គា


លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និង អធិការកិច្ច បានអញ្ជើញអុជធូប និងបួងសួងសុំសេចក្តីសុខ នៅ វត្តគុហាគង្គា ឬហៅវត្តព្រះអង្គគុហ៍ ស្ថិតក្នុងភូមិព្រែកសង្កែលិច ឃុំពាមកោះស្លា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ព្រឹកថ្ងៃអង្គារ៍ ១៥រោច ខែជេស្ឋ ឆ្នាំច សំរិទ្ធស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨
ថ្លែងក្នុងឱកាសនោះលោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បានថ្លែងថា ៖ ការប្រារព្ធពិធីថ្ងៃនេះគឺចំថ្ងៃឧបោសថសីលផង បានមកថ្វាយបង្គំព្រះអង្គគុហ៍ផង និងបានចូលរួមជ្រោមជ្រែងវិស័យព្រះពុទ្ធសាសនាឲ្យកាន់តែមានភាពថ្កុំថ្កើនបន្ថែមទៀត បានសុំពរជ័យពីបារមីព្រះអង្គផង និងបួងសួងឲ្យប្រជាពលរដ្ឋទាំងអស់បានជៀសផុតពីគ្រោះថ្នាក់ធម្មជាតិផ្សេងៗ និងបញ្ជៀសបាននូវគ្រោះថ្នាក់ដោយមនុស្ស ។ល។

លោកជំទាវក៏បានសំណូមពរឲ្យប្រជាពលរដ្ឋទាំងអស់អញ្ជើញទៅបោះឆ្នោតជូនគណបក្សប្រជាជនឲ្យបានគ្រប់ៗគ្នា និងគាំទ្របេក្ខភាព សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងអាណត្តិទី ៦ និងអាណត្តិ បន្តបន្ទាប់ទៀង ដើម្បីសម្តេចបានបន្តដឹកនាំប្រទេសឆ្ពោះទៅរកការ អភិវឌ្ឍន និងការរីកចម្រើនលើគ្រប់វិស័យ។

លោកជំទាវក៏បានឧទ្ទិសថ្វាយព្រះពរជ័យថ្វាយប្រគេនពរជូនដល់ព្រះសង្ឃគ្រប់ព្រះអង្គ និង ជូនពរថ្នាក់ដឹកនាំរាជរដ្ឋភិបាល ព្រឹទ្ធសភា រដ្ឋសភា ប្រជាពលរដ្ឋទូទាំងប្រទេស សូមអោយជួបសេចក្តីសុខចម្រើន អាយុយឺនយូរ ប្រកបកិច្ចការអ្វីសូមឲ្យបានដូចក្តីប្រាថ្នា និង ជួបពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕