ពិធីផ្សព្វផ្សាយការអនុវត្តគម្រោងមូលនិធិភាពជាដៃគូសម្រាប់ការអប់រំលើកទី៣


រាជធានីភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំពិធីផ្សព្វផ្សាយគម្រោងមូលនិធិភាពជាដៃគូសម្រាប់ការអប់រំលើកទី៣ ដោយគម្រោងនេះមានថវិកាសរុបចំនួន២០,៦លានដុល្លារអាមេរិក នឹងត្រូវបានប្រើប្រាស់សម្រាប់គាំទ្រដល់គោលដៅអភិវឌ្ឍប្រកបដោយចីរភាព ពង្រឹងការអប់រំ និងកសាងសមត្ថភាពគ្រូបង្រៀននៅថ្នាក់ដំបូងនៃបឋមសិក្សា និងគ្រូឧទ្ទេសនៅតាមសាលាគរុកោសល្យខេត្ត ដោយមានអង្គការយូណេស្កូ និងអង្គការយូនីសែហ្វ ជាភ្នាក់ងារអនុវត្តគម្រោង។

ពិធីនេះ ត្រូវបានរៀបចំឡើងក្រោមអធិបតីភាពឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នាព្រឹកថ្ងៃព្រហស្បតិ៍ ២កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ នៅសណ្ឋាគារកាណាឌីយ៉ា រាជធានីភ្នំពេញ។ កម្មវិធីនេះត្រូវបានចូលរួមពីសំណាក់គ្រប់ដំណាងមន្ទីរ នាយកដ្ឋានជំនាញ ដៃគូអភិវឌ្ឍន៍៕