អតីត​នាយករដ្ឋមន្ត្រី​ថៃ សរសើរ​សម្ដេច ហ៊ុន សែន ជា​មេដឹកនាំ​ប្រទេស​រីកចម្រើន​លេខ​១


ភ្នំពេញ​៖ អតីត​នាយករដ្ឋមន្ត្រី​ថៃ លោក ឆាវ​វ៉ា​លី​ត យ៊ុ​ង​ឆៃ​យុទ្ធ ចាត់ទុក​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជា​មេដឹកនាំ​ប្រទេស​ម្នាក់ ស្ថិតនៅក្នុង​លំដាប់​លេខ​១ ។ ការសរសើរ​របស់​អតីត​នាយករដ្ឋមន្ត្រី​ថៃ​នេះ ធ្វើឡើង​នៅក្នុង​ជំនួប​សំណេះសំណាល​ជាមួយ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា នៅក្នុង​បាងកក ប្រទេស​ថៃ​។

នៅ​ចំពោះមុខ​នាយករដ្ឋមន្ត្រី​កម្ពុជា លោក ឆាវ​វ៉ា​លី​ត យ៊ុ​ង​ឆៃ​យុទ្ធ បានបង្ហាញ​អារម្មណ៍​ពេញចិត្ត​ចំពោះ​ការដឹកនាំ​សម្ដេច ហ៊ុន សែន កន្លងមកនេះ​។ « (​ខ្ញុំ​)​កោត​សររ​សើរ​ចំពោះ​ការដឹកនាំ​របស់​សម្តេច​ដែល​បានធ្វើ​ឲ្យ​ ប្រទេសជាតិ​រីកចម្រើន គឺ​លេខ​១​តែម្តង​»​។ នេះ​បើតាម​ហ្វេ​ស​ប៊ុ​ក​សម្ដេច ហ៊ុន សែន ដែល​បាន​ស្រង់​សម្ដី​របស់​អតីត​នាយករដ្ឋមន្ត្រី​ថៃ​។​

​          លោក ឆាវ​វ៉ា​លី​ត បាន​បន្ថែមថា លោក​ត្រៀមខ្លួន​ជាស្រេច​ក្នុង​ជួយ​ដោះស្រាយ​បញ្ហានានា បើសិនជា​នាយករដ្ឋមន្ត្រី​កម្ពុជា ត្រូវការ​ជំនួយ​ពី​លោក​នោះ​។​

​          ដើម្បី​ឆ្លើយតប​នឹង​ការសរសើរ​នេះ សម្តេច ហ៊ុន សែន ក៏បាន​វាយតម្លៃ​ខ្ពស់​លើ​កិច្ចការងារ​របស់លោក ឆាវ​វ៉ា​លី​ត ដែល​បំពេញ​ក្នុងនាម​ជា​អតីត​នាយករដ្ឋមន្ត្រី​និង​តួនាទី​សំខាន់​ក្នុងប្រទេស ​ថៃ​កន្លងមកនេះ​។ សម្ដេច ចាត់ទុក​លោក​ ឆាវ​វ៉ា​លី​ត គឺជា​ចំណែក​ដ៏​សំខាន់​មួយ ក្នុង​ការជួយ​សម្របសម្រួល​កិច្ចការងារ ហើយ​ឈានទៅរក​ការចរចារ​ជាមួយ​គ្រប់ភាគី​នយោបាយ​ថៃ ដែល​បានបញ្ចប់​សង្គ្រាម និង​នាំ​សន្តិភាព​សម្រាប់​ប្រទេសជាតិ​ទាំងមូល​។​

​          គួរ​បញ្ជាក់ថា លោក ឆាវ​វ៉ា​លី​ត យ៊ុ​ង​ឆៃ​យុទ្ធ ធ្លាប់​កាន់តំណែង​នាយករដ្ឋមន្ត្រី​ថៃ នៅ​ឆ្នាំ​១៩៩៦-១៩៩៧ តាមរយៈ​ការទទួលបាន​សំឡេងគាំទ្រ​ច្រើន​ពី​ប្រជាជន​ថៃ នៅ​គ្រា​ដែល​លោក​ដឹកនាំ​គណបក្ស​ក្តីសង្ឃឹម​ថ្ម៉ី (New Aspiration Party) ។ លោក ឆាវ​វ៉ា​លី​ត បាន​លាលែង​ចេញពី​តំណែង​នាយករដ្ឋមន្ត្រី​ថៃ នៅ​ថ្ងៃទី​២៥ វិច្ឆិកា ឆ្នាំ​១៩៩៧ ទាំង​បង្ខំចិត្ត ដោយសារ​បញ្ហា​វិបត្តិ​សេដ្ឋកិច្ច​នៅក្នុង​ប្រទេស​ថៃ ខណៈ​តំបន់​អាស៊ី​ក៏​ជួប​បញ្ហា​សេដ្ឋកិច្ច​ដែរ​។ ក្រៅពី​តួនាទី​អតីត​នាយករដ្ឋមន្ត្រី​ថៃ លោក ឆាវ​វ៉ា​លី​ត ក៏​ធ្លាប់​កាន់តំណែង​ជា​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ការពារជាតិ និង​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ថៃ​ជាដើម​៕