សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានអនុញ្ញាតឲ្យ ឯកឧត្តម វីលៀម ជេស ឡុងហឹស្គ ឯកអគ្គរាជទូតចក្រភពអង់គ្លេស ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា


នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យ ឯកឧត្តម វីលៀម ជេស ឡុងហឹស្ត
(HE. Mr. William Jesse Longhurst ) ឯកអគ្គរាជទូតចក្រភពអង់គ្លេស ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅវិមានរដ្ឋសភា។
សម្តេចអគ្គមហាពញាចក្រី ហេងសំរិន បានមានប្រសាសន៍ថាកម្ពុជា នឹងរៀបចំការបោះឆ្នោតជ្រើសតាំង តំណាង រាស្រ្នីតិកាលទី៦ នៅថ្ងៃទី២៩ ខែកក្កដា ខាងមុខ ដែលមានគណបក្សនយោបាយចំនួន ២០ ចូលរួមប្រកួតប្រជែង។ សម្តេចបានបន្តថាការបោះឆ្នោតនេះនឹងប្រព្រឹត្តទៅតាមការកំណត់ ស្របតាមច្បាប់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ តាមគោលការណ៍ប្រជាធិបតេយ្យ។ កម្ពុជា ខិតខំរក្សាឲ្យបាននូវសន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់សង្គម ដែលជាមូលដ្ឋានគ្រឹះដ៏មានសារសំខាន់ ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម នាំមកនូវសេចក្តីសុខក្សេមក្សាន្ត ជូនប្រជាជនកម្ពុជា។
ឯកអគ្គរាជទូតចក្រភពអង់គ្លេស បានគោរពជំរាបជូនសម្តេចអគ្គមហាពញាចក្រី ហេងសំរិនថារដ្ឋាភិបាលអង់គ្កេសសង្ឃឹមថាការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦ ខាងមុខនេះនឹងប្រព្រឹត្តទៅមានលក្ខណៈគ្រប់ជ្រុងជ្រោយ ល្អប្រសើរតាមលក្ខណៈប្រជាធិបតេយ្យ៕