សមាជិកអាស៊ាន គាំទ្រកម្ពុជាជាប្រទេសនាំមុខ លើការអភិវឌ្ឍជំនាញទេសចរណ៍


Toung Kon 26 07 16 2

(ភ្នំពេញ)៖ ក្រៅពីមានការទទួលស្គាល់ លើភាពជោគជ័យនៃវិស័យទេសចរណ៍ ពីសំណាក់សហគមអឺរ៉ុប ក៏ដូចជាសហគមអន្តរជាតិជាច្រើនទៀត ថ្មីៗនេះ កម្ពុជាក៏ត្រូវបានសហគមសេដ្ឋកិច្ចអាស៊ាន (AEC) បន្តទទួលស្គាល់ និងគាំទ្រយ៉ាងពេញទំហឹងថា ជាប្រទេសនាំមុខលើការអភិវឌ្ឍវិស័យទេសចរណ៍ ដោយប្រទេសជាសមាជិកទាំងអស់ បានរៀបចំរបាយការណ៍សម្រេចមួយឈ្មោះ «ការអនុវត្តល្អៗ និងភាពជោគជ័យរបស់កម្ពុជា និងឥណ្ឌូនេស៊ី» ដែលនេះជាលទ្ធផលជោគជ័យបន្ថែមទៀត ក្នុងការអនុវត្តការងាររបស់ក្រសួងទេសចរណ៍ ក៏ដូចជាភាពជោគជ័យរបស់រាជរដ្ឋាភិបាលកម្ពុជាទាំងមូល ។

ក្នុងឱកាសបិទសន្និបាតបូកសរុបលទ្ធផលការងារ គណៈកម្មាធិការជាតិ អ្នកជំនាញទេសចរណ៍ នៅរសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦ ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអ្នកជំនាញទេសចរណ៍ បានឱ្យដឹងថា «ការចុះកិច្ចព្រមព្រៀងលើការទទួលស្គាល់គ្នាទៅវិញទៅមក លើអ្នកជំនាញទេសចរណ៍អាស៊ាន របស់ប្រជាសមាជិក គឺដើម្បីសម្រួលដល់បំលាស់ទី ការងារអ្នកជំនាញទេសចរណ៍ លើមុខជំនាញចំនួន៣២ ស្ថិតក្នុងសេវាកម្មសណ្ឋាគារ និងសេវាកម្មធ្វើដំណើរ»

ឯកឧត្តមរដ្ឋមន្រ្តីបានបន្ថែមថា ដើម្បីសម្រេចនូវគោលដៅនេះ ប្រទេសជាសមាជិកបានរៀបចំយន្តកា បទដ្ឋានគតិយុត្ត និងស្តង់ដារនានា ដូចជាការបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍ ក្នុងប្រទេសរៀងៗខ្លួន ឲ្យស្របតាមស្តង់ដារសមត្ថភាពអាស៊ាន ចំណែកក្រសួងទេសចរណ៍កម្ពុជា ក៏មានយន្តការការងារផែនការច្បាស់លាស់ និងលទ្ធផលជាក់ស្តែង ក្នុងការអភិវឌ្ឍជំនាញទេសចរណ៍ខាងលើ ទាំងក្របខណ្ឌជាតិ និងអាស៊ាន ហើយជាលទ្ធផលលេខាធិការដ្ឋានអាស៊ាន និងប្រទេសជាសមាជិក បានចាត់ទុកប្រទេសកម្ពុជា និងប្រទេសឥណ្ឌូនេស៊ី ជាប្រទេសនាំមុខគេក្នុងតំបន់ ក្នុងការអនុវត្តការងារបានល្អៗ និងជោគជ័យ ។

សូមជម្រាបថា កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៦ កន្លងទៅ ក្រុមប្រឹក្សាទេសចរណ៍ និងពាណិជ្ជកម្មនៃសហភាពអឺរ៉ុប បានប្រកាសទទួលស្គាល់កម្ពុជា ជាគោលដៅទេសចរណ៍ល្អបំផុត សម្រាប់ឆ្នាំ២០១៦ និងបានដាក់ចេញចលនាប្រឡងប្រណាំង «បដិសណ្ឋារកិច្ចល្អ» លើកដំបូងបង្អស់ សំដៅទាក់ទាញកំណើនភ្ញៀវទេសចរ មកពីគ្រប់តំបន់បន្ថែមទៀត ៕